(ម៉ានីល)៖ អភិបាលក្រុងម៉ានីល (Manila) ប្រទេសហ្វីលីពីន លោក ហ្វ្រាន់ស៉ីស្កូ ដូម៉ាហ្គោសូ (Francisco Domagoso) នៅថ្ងៃចន្ទនេះ បានចុះឈ្មោះជាបេក្ខជនចូលរួម ក្នុងការប្រកួតប្រជែងយក តំណែងជាប្រធានាធិបតីថ្មីរបស់ប្រទេសហ្វីលីពីន ក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅ នៅខែឧសភា ឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១។

លោក Francisco Domagoso អាយុ ៤៦ឆ្នាំ និងលោក គឺលោក វៀលលី អុង (Willie Ong) ដែលជាវេជ្ជបណ្ឌិតដែលមានអ្នកតាមដានជាង ១៦លាននាក់នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុក បានចុះឈ្មោះជាបេក្ខជន នៅឯគណៈកម្មការរៀបចំការបោះឆ្នោត។ លោក Ong បានដាក់ពាក្យឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតី។

គួរបញ្ជាក់ថា លោក Francisco Domagoso នឹងឈរឈ្មោះក្រោមគណបក្សនយោបាយ អាកសុន ឌីម៉ូក្រាទីកូ (Aksyon Demokratiko) ដែលក្នុងនោះគឺលោកជាប្រធាន។ បើតាមការស្ទង់មតិ នាពេលថ្មីៗនេះ ដែលចេញផ្សាយដោយ Pulse Asia បានបង្ហាញថា ប្រជាជនហ្វីលីពីនប្រហែល ១៣ភាគរយ បានសម្តែងការគាំទ្រលោក Francisco Domagoso ជាបេក្ខជនប្រធានាធិបតី៕