(ប៉ារីស)៖ រដ្ឋមន្រ្តីការបរទេសបារាំង លោក ហ្សង់វីស ឡឺទ្រីយ៉ង់ (Jean-Yves Le Drian) នឹងបើកកិច្ចពិភាក្សាជាថ្មីម្តងទៀតជាមួយ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីនគិន (Antony Blinken) នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ខណៈប្រទេសទាំងពីរ ព្យាយាមផ្សះផ្សារទំនាក់ទំនងការទូតឡើងវិញ ក្រោយជួបភាពប្រេះស្រាំ កាលពីពេលថ្មីៗកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១។

ក្រសួងការបរទេសបារាំង នៅថ្ងៃសៅរ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «រដ្ឋមន្រ្តីប្រទេសទាំងពីរ នឹងបើកកិច្ចពិភាក្សា ឲ្យកាន់តែស៉ីជម្រៅថែមទៀត បន្តពីជំនួបនាពេលកន្លងមក នៅទីក្រុងញូយ៉ក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីរិះរកជំហាន ដែលចាំបាច់ ក្នុងការស្តារទំនុកចិត្តឡើងវិញ រវាងបារាំងនិងសហរដ្ឋអាមេរិក។ ដូចដែលលោក ឡឺទ្រីយ៉ង់ បានលើកឡើងរួចហើយនៅញូយ៉ក គឺការងើបខ្លួនពីវិបត្តិនេះ នឹងត្រូវការពេលវេលា រួមជាមួយសកម្មភាពរឹងមាំជាក់ស្តែង»។

គួរបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងទីក្រុងប៉ារីសនិងទីក្រុងវ៉ាស៉ីនតោន បានជួបភាពរកាំរកូសធំមួយ កាលពីខែកញ្ញាកន្លងទៅនេះ បន្ទាប់ពីអូស្រ្តាលីលុបចោលកិច្ចសន្យាតម្លៃរាប់សិបពាន់លានដុល្លារ ក្នុងការទិញនាវាមុជទឹកបារាំង ហើយងាកទៅអភិវឌ្ឍនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរវិញ ក្រោមការជួយជ្រោមជ្រែងពីបច្ចេកវិទ្យាអាមេរិក និងអង់គ្លេស៕