(យូអិន)៖ ប្រទេសចំនួន ៧៥ រួមទាំងប្រទេសចិន នៅថ្ងៃសុក្រសប្ដាហ៍នេះ បានអំពាវនាវឱ្យមានសាមគ្គីភាពជាសកល ដើម្បីលើកកម្ពស់សមភាពវ៉ាក់សាំង នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការទី ៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១។

ជំងឺ COVID-19 កំពុងឆ្លងរីករាលដាល ដោយមិនមានព្រំដែនឡើយ។ សេចក្តីថ្លែងការណ៍រួមមួយបាននិយាយថា ដំណោះស្រាយតែមួយគត់ គឺត្រូវការសាមគ្គីភាព និងឯកភាព ព្រមទាំងកិច្ចសហប្រតិបត្តិការពហុភាគីជាសកល។ សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានអានដោយលោក ចាង ជន (Zhang Jun) តំណាងអចិន្ត្រៃយ៍នៃប្រទេសចិនប្រចាំ UN ថា «យើងសូមអំពាវនាវដល់ប្រទេស និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់ កាត់បន្ថយ និងយកឈ្នះលើជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ក៏ដូចជាផលវិបាករបស់វា ដោយធានាបាននូវការការពារចំពោះអ្នក ដែលរងផលប៉ះពាល់ខ្លាំងបំផុត រួមមានស្ត្រី កុមារ យុវជន មនុស្សចាស់ និងជនពិការជាដើម ព្រមទាំងចាត់វិធានការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ក៏ដូចជាការរើសអើងជាតិសាសន៍ផងដែរ»។

សេចក្តីថ្លែងការណ៍រួមនេះ បានទទួលស្គាល់នូវតម្រូវការក្នុងការចាប់ផ្តើម ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលជាផលប្រយោជន៍សាធារណៈដ៏ធំបំផុត សម្រាប់សុខភាពនៅទូទាំងពិភពលោក និងបានកោតសរសើរចំពោះការរួមចំណែក ដែលធ្វើឡើងដោយប្រទេស និងវេទិកាពាក់ព័ន្ធ ដូចជាកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ កូវ៉ាក់ (COVAX) សម្រាប់ការលើកកម្ពស់លទ្ធភាពនៃការប្រើប្រាស់ និងទិញវ៉ាក់សាំង តាមរយៈបណ្តាញទ្វេភាគី និងពហុភាគី។

ទោះយ៉ាងណា វិសមភាពវ៉ាក់សាំងនៅតែកើតមានឡើង។ វឌ្ឍនភាពនៃការចាក់វ៉ាក់សាំងមានភាពមិនស្មើគ្នា និងមិនយុត្តិធម៌ឡើយ។ សេចក្តីថ្លែងការណ៍រួមនេះ បាននិយាយបន្ថែមថា ប្រទេសជាច្រើន ជាពិសេសប្រទេសកំពុងអភិវឌ្ឍនៅតែខ្វះលទ្ធភាពទទួលបានវ៉ាក់សាំង ដែលមានតម្លៃសមរម្យ៕