(កង់បេរ៉ា)៖ ប្រទេសអូស្ត្រាលីទើបតែបានប្រកាសរកឃើញ អ្នកជំងឺ COVID-19 សរុប ២,៣៥៥នាក់ទៀត សម្រាប់រយៈពេល ២៤ម៉ោងកន្លងទៅនេះ ហើយវាគឺជាថ្ងៃទីបីហើយ ដែលប្រទេសដ៏កោះដ៏ធំធេងមួយនេះ បានរកឃើញករណីឆ្លងលើស ២,០០០នាក់ក្នុងមួយថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១។

តំបន់ដែលបានរាយការណ៍ពីករណីឆ្លងច្រើនជាងគេនោះ គឺរដ្ឋ វិចតូរៀ (Victoria) ចំនួន ១,៤៨៨នាក់ និងរដ្ឋ ញូសោតវែលស៍ (New South Wales) ចំនួន ៨១៣នាក់។ ដោយឡែកសម្រាប់ករណីស្លាប់វិញ ត្រូវបានរាយការណ៍ចំនួន ១២នាក់ទៀត ក្នុងរយៈពេលដូចគ្នានៅទូទាំងប្រទេស។ អាជ្ញាធរអូស្ត្រាលីនៅតែរំពឹងថា នារដូវក្តៅខាងមុខនេះស្ថានការណ៍ COVID-19 នឹងអាចធូរស្រាលមកវិញ ស្របពេលដែលអត្រាចាក់វ៉ាក់សាំង កាន់តែត្រូវបានបង្កើន។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះអូស្ត្រាលីមានករណីឆ្លង COVID-19 សរុប ១០៩,៥១៦ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១,៣២១នាក់ និងជាសះស្បើយវិញ ៨២,៤០៦នាក់។ កន្លងមកនេះ អូស្ត្រាលីសម្រេចបានការចាក់វ៉ាក់សាំងសរុប ២៧.៨លានដូស ក្នុងនោះប្រជាជន ១១.២លាននាក់ (៤៣.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕