(ម៉ៃអាមី)៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលត្រូវបានបិទខ្ទប់សំឡេងទាំងនៅក្នុង Facebook,YouTube និង Twitter ឥឡូវនេះត្រូវបានគេដឹងថា បានជំរុញឲ្យចៅក្រមរដ្ឋផ្ល័ររីដា (Florida) បង្ខំក្រុមហ៊ុនបណ្តាញសង្គម Twitter ឲ្យប្រគល់គណនីរបស់លោកត្រលប់មកវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១។

កាលពីខែកក្កដាកន្លងទៅនេះ លោក ដូណាល់ ត្រាំ ក៏បានប្តឹងក្រុមហ៊ុន Alphabet ដែលជាម្ចាស់របស់ Google និងក្រុមហ៊ុន Facebook ផងដែរ ពីបិទខ្ទប់សេរីភាពនៃការបញ្ចេញមតិរបស់លោក តាមរយៈការបង្កកគណនីរបស់លោក នៅលើបណ្តាញសង្គមទាំងពីរនេះ។

ការស្នើរបស់លោក ដូណាល់ ត្រាំ សម្រាប់ការដាក់សម្ពាធជាបឋម ប្រឆាំងនឹងក្រុមហ៊ុន Twitter ត្រូវបានធ្វើនៅល្ងាចថ្ងៃសុក្រសប្តាហ៍នេះ នៅទីក្រុងម៉ៃអាមី, រដ្ឋផ្ល័ររីដា ដោយលោកបានចោទប្រកាន់ថា ក្រុមហ៊ុនបណ្តាញសង្គមដ៏ធំរបស់អាមេរិកមួយនេះ បានលុបចោលគណនីរបស់លោកកាលពីខែមករា ដោយសារតែបានទទួលរងសម្ពាធ ពីគូប្រជែងនយោបាយរបស់លោកនៅក្នុងសភា។

លោក ដូណាល់ ត្រាំ បានលើកឡើងថា «Twitter បានអនុវត្តសិទ្ធិអំណាច និងការគ្រប់គ្រងលើសុន្ទរកថានយោបាយ នៅក្នុងប្រទេសនេះ ដែលមិនអាចវាស់វែងបានជាប្រវត្តិសាស្ត្រ និងមិនធ្លាប់មានពីមុនមក ព្រមទាំងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ចំពោះការតស៊ូមតិតាមបែបប្រជាធិបតេយ្យ»។ ភ្លាមៗបែបនេះ ក្រុមហ៊ុន Twitter មិនទាន់អាចធ្វើការឆ្លើយតបណាមួយ ចំពោះពាក្យចោទប្រកាន់ពីសំណាក់ អតីតប្រធានាធិបតីរូបនេះឡើយ៕