(វ៉ាស៉ីនតោន)៖ អភិបាលរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃសុក្រសប្តាហ៍នេះបានប្រកាសថា សិស្សសាលាទាំងអស់នៅក្នុងរដ្ឋភាគនិរតីមួយនេះ នឹងតម្រូវឲ្យចាក់វ៉ាក់សាំង COVID-19 ជាកំហិត (កាតព្វកិច្ចចាក់វ៉ាក់សាំង) ស្របពេលដែលភាពស្ទាក់ស្ទើររបស់ប្រជាជន ក្នុងការទៅទទួលការចាក់វ៉ាក់សាំង បាននិងកំពុងប៉ះពាល់ដល់កិច្ចប្រឹងប្រែង ដើម្បីគ្រប់គ្រង COVID-19 នៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១។

អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក ហ្គាវីន ញូសម (Gavin Newsom) បានថ្លែងយ៉ាងដូច្នេះថា «រដ្ឋកាលីហ្វ័រញ៉ានឹងតម្រូវឲ្យក្មេងៗនៅក្នុងរដ្ឋរបស់យើង ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទើបអាចមកសាលារៀនបាន។ នេះគឺដើម្បីតែការពារសុខភាព និងអាយុជីវិតរបស់ពួកគេប៉ុណ្ណោះ»

ផែនការខាងលើនឹងត្រូវអនុវត្តជាដំណាក់កាលៗ ខណៈគិតត្រឹមពេលនេះ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុម័តវ៉ាក់សាំង Pfizer-BioNTech សម្រាប់ចាក់ឲ្យកុមារត្រឹមចាប់ពីអាយុ ១៦ឆ្នាំឡើងសិន។ យ៉ាងណាក្តី សិស្សសាលានៅរដ្ឋកាលីហ្វ័រញ៉ាសរុប ៦លាននាក់ នឹងត្រូវជាប់កាតព្វកិច្ចវ៉ាក់សាំងនេះ។

គួរបញ្ជាក់ថា នៅក្នុងរលកឆ្លងរាលដាលចុងក្រោយបំផុតនេះ នៅសហរដ្ឋអាមេរិក ដែលត្រូវបានជំរុញដោយវីរុសបំប្លែងខ្លួន Delta គេសង្កេតឃើញមាន កុមារក្នុងចំនួនច្រើនឡើងៗបានឆ្លង COVID-19។ ដូច្នេះហើយការចាក់វ៉ាក់សាំងឲ្យក្មេងៗ ត្រូវចាត់ទុកជាកូនសោយ៉ាងសំខាន់ ដើម្បីរក្សាឲ្យសាលារៀននៅបើកដំណើរការបាន ព្រមទាំងជួយទប់ទល់នឹងការរាតត្បាតនៃជំងឺនេះ៕