(យូអិន)៖ ក្រុមការងារអង្គការសហប្រជាជាតិ (UN) និងដៃគូពាក់ព័ន្ធនានា នៅក្នុងប្រទេសហៃទី កំពុងតែបន្តជួយសង្គ្រោះប្រជាជនប្រមាណកន្លះលាននាក់ ដែលបាននិងកំពុងទទួលរងគ្រោះ ក្រោយពីហេតុការណ៍គ្រោះរញ្ជួយដីដ៏កក្រើក បានវាយប្រហារប្រទេសស្ថិតនៅក្នុង ដែនសមុទ្រការីបៀនមួយនេះ កាលពីខែសីហាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១។

លោក ហ្វាហាន ហាក (Farhan Haq) អ្នកនាំពាក្យនៃអគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូទែរែស បានថ្លែងថា ក្រុមការងារវេជ្ជសាស្ត្រសរុបចំនួន ១៣ក្រុមត្រូវបានបង្កើតឡើង ដើម្បីចុះទៅជួយតំបន់រងគ្រោះ ខណៈថ្នាំពេទ្យ និងគ្រឿងបរិក្ខាវេជ្ជសាស្ត្រសរុបជាង ៣៥តោន ត្រូវបានផ្តល់ជូនជនរួចទៅហើយ។

បន្ថែមពីខាងលើនេះ ថវិកាជំនួយសរុប ៣៣០,០០០ដុល្លារអាមេរិក ត្រូវបានចែកជូនប្រជាជន ដែលរងគ្រោះផ្ទាល់ដោយសាររញ្ជួយដី ខណៈប្រជាជនសរុបជាង ១០៣,០០០គ្រួសារ ត្រូវបានគេរំពឹងថា នឹងទទួលប្រាក់ជំនួយសរុបរហូតដល់ទៅ ២០លានដុល្លារអាមេរិក។ បន្ថែមពីនេះ ទីភ្នាក់ងារ UN និងក្រុមផ្តល់ជំនួយមនុស្សធម៌នានាក្នុងតំបន់ ក៏កំពុងបន្តផ្តល់ទឹកស្អាត ចំណីអាហារ និងជំនួយចាំបាច់ផ្សេងៗទៀត ដល់ជនរងគ្រោះផងដែរ។ UN បានស្នើប្រាក់ជំនួយរហូតដល់ទៅ ១៨៧លានដុល្លារឯណោះ សម្រាប់ជួយសង្គ្រោះហៃទី។

គួរបញ្ជាក់ថា គ្រោះរញ្ជួយផែនដីកម្រិតធ្ងន់ ៧.២រ៉ិចទ័រ បានវាយប្រហារប្រទេសហៃទី កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ និងបានផ្តាច់ជីវិតមនុស្សសរុប ២,២៤៨នាក់, រងរបួស ១២,៧៦៣នាក់ និងបាត់ខ្លួន ៣២៩នាក់។ មុនគ្រោះរញ្ជួយដីនោះ ប្រទេសហៃទីបានប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងភាពអសន្តិសុខដ៏អាក្រក់រួចទៅហើយ ក្រោយការធ្វើឃាតប្រធានាធិបតី ចូវែណែល ម៉ូអ៊ីស (Jovenel Moïse) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១៕