(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួនកំពុងតែរៀបចំបញ្ជូនវ៉ាក់សាំងបង្ការ COVID-19 សរុបជាង ៨លានដូស ទៅកាន់ប្រទេសបង់ក្លាដែស និងហ្វីលីពីន ដើម្បីជួយប្រទេសអាស៊ីទាំងពីរនេះ ទប់ទល់រលកនៃការឆ្លងរាតត្បាតជំងឺដ៏អាក្រក់បំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១។

សេតវិមានលោក ចូ បៃដិន បានប្រកាសថា សម្រាប់ការវេចខ្ចប់ចំនួន ៥ជើង ដែលសរុបចូលគ្នាស្មើនឹងវ៉ាក់សាំង ៥,៥៧៥,០៥០ដូស នឹងត្រូវដឹកជញ្ជូនទៅកាន់ ប្រទេសហ្វីលីពីននៅសប្តាហ៍ក្រោយ។ ដោយឡែកសម្រាប់វ៉ាក់សាំង ២,៥០៨,៤៨០ដូសទៀត នឹងត្រូវបញ្ជូនទៅកាន់ប្រទេសបង់ក្លាដែស នៅដើមសប្តាហ៍ក្រោយដូចគ្នា។

គួរបញ្ជាក់់ថា វ៉ាក់សាំងដែលសហរដ្ឋអាមេរិក បានសម្រេចបរិច្ចាគទៅប្រទេសហ្វីលីពីន និងបង់ក្លាដែសលើកនេះ ជាសុទ្ធតែជាផលិតផលរបស់ក្រុមហ៊ុន Pfizer-BioNTech ទាំងអស់ ដោយវាត្រូវបានផ្តល់តាមរយៈយន្តការ COVAX នៃអង្គការសុខភាពពិភពលោក។

សេតវិមានបានអះអាងទៀតថា នេះជាគឺជាការបរិច្ចាគវ៉ាក់សាំងច្រើនបំផុត សម្រាប់ប្រទេសមួយរួចទៅហើយ, ឧទាហរណ៍បង់ក្លាដែសដែលកំពុងរងគ្រោះ ធ្ងន់ធ្ងរនៅឡើយដោយសារជំងឺ COVID-19 នោះ ក៏ទើបតែបានទទួលវ៉ាក់សាំងពីអាមេរិកចំនួន ២.៥លានដូសផងដែរ កាលពីសប្តាហ៍មុន ខណៈប្រទេសអាស៊ីខាងត្បូងមួយនេះ ទើបតែសម្រេចបានការចាក់វ៉ាក់សាំង ១០% ប៉ុណ្ណោះនៃប្រជាជនសរុប៕