(ញូវជឺស៊ី)៖ យោងតាមលទ្ធផលនៃការធ្វើតេស្តព្យាបាលបណ្តោះអាសន្នដែលបានប្រកាសនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Merck & Co ដែលមានឈ្មោះថា ម៉ុលនូភីរ៉ាវា (molnupiravir) អាចកាត់បន្ថយអត្រាអ្នកត្រូវចូលព្យាបាលក្នុងមន្ទីពេទ្យ ឬការស្លាប់ នៃអ្នកជំងឺឈឺធ្ងន់បានរហូតដល់៥០%។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១។

ក្រុមហ៊ុន Merck និងដៃគូរបស់ខ្លួនគឺក្រុមហ៊ុន Ridgeback Biotherapeutics គ្រោងនឹងស្វែងរកការអនុញ្ញាតឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ នៅសហរដ្ឋអាមេរិកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយក៏នឹងបញ្ជូនពាក្យស្នើសុំទៅទីភ្នាក់ងារនិយតកម្មពិភពលោកផងដែរ។

លោក Robert Davis នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Merck បានប្រាប់ Reuters ថា «លទ្ធផលនេះនឹងផ្លាស់ប្តូរការសន្ទនាជុំវិញវិធីគ្រប់គ្រងកូវីដ១៩»។

ប្រសិនបើថ្នាំ molnupiravir ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់មែននោះ នឹងក្លាយជាថ្នាំគ្រាប់លេបតាមមាត់សម្រាប់ព្យាបាលជំងឺកូវីដ១៩។

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន Merck កំពុងធ្វើតេស្តដំណាក់កាលទី ៣ ចំនួនពីរផ្សេងគ្នាលើថ្នាំ molnupiravir ជាមួយដៃគូរបស់ខ្លួន គឺក្រុមហ៊ុន រីចប៊ែក (Ridgeback Biotherapeutics)។ នៅក្នុងនោះ ការធ្វើតេស្តសំខាន់មួយកំពុងផ្តោត ទៅលើប្រសិទ្ធភាពនៃការព្យាបាល និងមួយទៀតផ្តោតលើប្រសិទ្ធភាពនៃការទប់ស្កាត់៕