(ប៊ុយការ៉េស)៖ ក្រុមមន្រ្តីរ៉ូម៉ានី បានរាយការណ៍ឱ្យដឹងថា មនុស្សចំនួន ០៩នាក់បានស្លាប់នៅថ្ងៃសុក្រនេះ ខណៈដែលអគ្គិភ័យបានឆាបឆេះបន្ទប់សង្គ្រោះបន្ទាន់ (ICU) នៅមន្ទីរពេទ្យមួយ ដែលស្ថិតក្នុងទីក្រុងខុនស្តាន់តា (Constanta) ភាគខាងកើតប្រទេស ដែលព្យាបាលអ្នកជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២១។

រដ្ឋមន្រ្តីសុខាភិបាលស្តីទីនៃប្រទេសរ៉ូម៉ានី លោក សេកេ អាត់ទីឡា (Cseke Attila) បាននិយាយថា អ្នកជំងឺ COVID-19 ចំនួន១១៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ ពេលដែលអគ្គិភ័យបានឆាបឆេះឡើង ក្នុងនោះមាន ១០នាក់ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ មនុស្ស០៩នាក់បានស្លាប់ ខណៈ៥០នាក់ត្រូវបានជម្លៀសចេញដោយសុវត្ថភាព និងបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងទៀត។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មានអ្នកជំងឺ COVID-19 ជាង ១២,១០០នាក់ ក្នុងនោះមានកុមារ៣១៥នាក់ ដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនៃប្រទេសរ៉ូម៉ានី។ អ្នកជំងឺ ១,៣៦៤នាក់ ស្ថិតនៅកន្លែងសង្គ្រោះបន្ទាន់៕