(សេអ៊ូល)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង បានចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១នេះថា ទីក្រុងព្យុងយ៉ាងទើបតែបានធ្វើតេស្ត គ្រាប់មីស៊ីលប្រឆាំងយន្តហោះ (anti-aircraft missile) ដែលខ្លួនទើបបានអភិវឌ្ឍថ្មី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មាន AFP។

វាគឺជាការធ្វើតេស្តគ្រាប់មីស៊ីលលើកទី ២ ហើយនៅប្រទេសកូរ៉េខាងជើង សម្រាប់់សប្តាហ៍នេះ ដោយកាលពីប៉ុន្មានថ្ងៃមុន គ្រាប់មីស៊ីលលឿនជាងសំឡេង (hypersonic missile) ត្រូវបាញ់ចេញពីតំបន់ឆ្នេរសមុទ្រភាគខាងកើត និងធ្លាក់ចូលទៅក្នុងដែនសមុទ្រ ភាគខាងកើតប្រទេសនេះផងដែរ។ ដោយឡែកកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ កូរ៉េខាងជើងបានធ្វើតេស្តគ្រាប់មីស៊ីលបាលីស្ទីក ដែលជាប្រភេទមីស៊ីលមានសមត្ថភាព បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។

សម្រាប់ការធ្វើតេស្តចុងក្រោយគេ ដែលជាប្រភេទមីស៊ីលប្រឆាំងយន្តហោះ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គឺត្រូវបានសារព័ត៌មានរដ្ឋកូរ៉េខាងជើង KNCA ពិពណ៌នាថា ជាការបង្ហាញនូវដំណើរការអភិវឌ្ឍយ៉ាងល្អ នៃក្រុមការងារ បណ្ឌិតសភាវិទ្យាសាស្ត្រការពារជាតិ ដែលជាអ្នកអភិវឌ្ឍសព្វាវុធ សម្រាប់យោធាកូរ៉េខាងជើង។

KNCA បានបន្តទៀតថា ទាំងប្រព័ន្ធបាញ់បង្ហោះមីស៊ីល, រ៉ាដា, រថពាសដែកបំពេញប្រតិបត្តិការ និងការបញ្ជាដំណើរការធ្វើតេស្តជារួម សុទ្ធតែស្ថិតក្នុងការត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់បំផុត។ ទោះជាយ៉ាងណា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជាមិនបានចូលរួមដឹកនាំ ការធ្វើតេស្តនេះដោយផ្ទាល់ឡើយ ហើយនៅការធ្វើតេស្តគ្រាប់មីស៊ីលលឿនជាងសំឡេង កាលពីប៉ុន្មានថ្ងៃមុននោះ ក៏លោកមិនបានចូលរួមដូចគ្នាដែរ៕