(បារីស)៖ តុលាការបារាំងនៅថ្ងៃព្រហស្បតិ៍នេះបានសម្រេចផ្តន្ទាទោសអតីតប្រធានាធិបតីបារាំងលោក នីកូឡា សាកូហ្ស៊ី ឲ្យជាប់ពនន្ធាគារ១ឆ្នាំ បន្ទាប់ពីបានរកឃើញថា លោកមានពិរុទ្ធពីបទផ្តល់ហិរញ្ញប្បទានខុសច្បាប់ លើការចំណាយច្រើនលើសលុបទៅលើយុទ្ធនាការបោះឆ្នោតកាលពីឆ្នាំ២០១២។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Franch24 នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១។

មេធាវីរបស់លោក សាកូហ្ស៊ី បាននិយាយថា លោកនឹងប្តឹងឧទ្ធរណ៍។ សាលក្រមនេះបានកើតឡើងតែ៦ខែប៉ុណ្ណោះ បន្ទាប់ពីលោកត្រូវបានរកឃើញថាមានពិរុទ្ធជុំវិញបញ្ហាអំពើពុករលួយ នៅក្នុងសវនាការដាច់ដោយឡែកមួយទៀត។

តុលាការនឹងអនុញ្ញាតឱ្យអតីតប្រធានាធិបតីបារាំងរូបនេះ អនុវត្តការកាត់ទោសនៅឯផ្ទះរបស់លោក ដោយពាក់ខ្សែដៃត្រួតពិនិត្យអេឡិចត្រូនិកសម្រាប់ការតាមដាន។

គួរបញ្ជាក់ថា អ្នកនយោបាយស្តាំនិយមវ័យ៦៦ឆ្នាំរូបនេះបានប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងឆ្នាំ២០១២ ដើម្បីយកឈ្នះបេក្ខជនគណបក្សសង្គមនិយមលោក ហ្វ្រង់ស្វ័រ ហូឡង់។ ការចំណាយលើយយុទ្ធនាការបោះឆ្នោតកើនឡើងយ៉ាងខ្លាំង ហើយវិក័យប័ត្រចុងក្រោយបានឈានដល់យ៉ាងហោចណាស់ ៤២.៨លានអឺរ៉ូ (៤៩.៧លានដុល្លារអាមេរិក) ពោលវាស្ទើរតែទ្វេដង នៃដែនកំណត់ច្បាប់ដែលអនុញ្ញាតឲ្យតែ ២២.៥លានអឺរ៉ូប៉ុណ្ណោះ។

ករណីនេះត្រូវបានគេហៅថា Bygmalion affair ដែលត្រូវបានដាក់ឈ្មោះតាមក្រុមហ៊ុនទំនាក់ទំនងសាធារណៈដែលបានបង្កើតប្រព័ន្ធវិក្កយបត្រក្លែងក្លាយដើម្បីបិទបាំងថ្លៃដើមពិតប្រាកដ នៃករណីនេះ៕