(អាមេរិក)៖ ក្រុមហ៊ុនផលិតឱសថនៅសហរដ្ឋអាមេរិក មើក (Merck & Co.) បានឲ្យដឹងថា យោងតាមលទ្ធផលសិក្សាក្នុងមន្ទីរពិសោធន៍ ថ្នាំគ្រាប់ឈ្មោះ «ម៉ុលនូភីរ៉ាវា» (molnupiravir) ដែលខ្លួនកំពុងអភិវឌ្ឍ អាចមានប្រសិទ្ធភាពប្រឆាំងនឹង វីរុសបំប្លែងខ្លួនផ្សេងៗនៃជំងឺ COVID-19 រួមមានទាំងវីរុស Delta ដែលខ្លាំងជាងគេនោះផងដែរ ដោយអាចជួយអ្នកជំងឺឆាប់ជាស្បើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១។

ក្រុមហ៊ុន Merck បានរៀបរាប់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ថា ផ្អែកលើទិន្នន័យនៃការសិក្សា ថ្នាំ molnupiravir មានប្រសិទ្ធភាពខ្ពស់ នៅពេលឲ្យអ្នកជំងឺលេបកំលុងដំណាក់កាលដំបូង នៃការឆ្លងជំងឺ COVID-19។ បច្ចុប្បន្ន ក្រុមហ៊ុន Merck កំពុងធ្វើតេស្តដំណាក់កាលទី ៣ ចំនួនពីរផ្សេងគ្នាលើថ្នាំ molnupiravir ជាមួយដៃគូរបស់ខ្លួន គឺក្រុមហ៊ុន រីចប៊ែក (Ridgeback Biotherapeutics)។ នៅក្នុងនោះ ការធ្វើតេស្តសំខាន់មួយកំពុងផ្តោត ទៅលើប្រសិទ្ធភាពនៃការព្យាបាល និងមួយទៀតផ្តោតលើប្រសិទ្ធភាពនៃការទប់ស្កាត់។

គួរបញ្ជាក់ថា ការធ្វើតេស្តដែលផ្តោតលើការព្យាបាល នឹងបញ្ចប់នៅដើមខែវិច្ឆិកា ឆ្នាំ២០២១។ ការធ្វើតេស្តនេះ ត្រូវបានចូលរួមដោយអ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាមិនលើសពី ៥ថ្ងៃ និងប្រឈមហានិភ័យដល់ធ្លាក់ខ្លួនឈឺធ្ងន់ តែមិនទាន់ទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងការធ្វើតេស្តដំណាក់កាលកណ្តាលកន្លងមក ក្រុមហ៊ុន Merck ធ្លាប់ប្រាប់ថា នៅរយៈពេល ៥ថ្ងៃ ក្រោយទទួលការព្យាបាលដោយប្រើថ្នាំ molnupiravir គឺគ្មានអ្នកជំងឺណាមួយ ដែលបានលេបវាក្នុងបរិមាណផ្សេងៗពីគ្នា បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ទៀតនោះឡើយ៕