(ឃ្វីតូ, អេក្វាឌ័រ)៖ ក្រុមមន្ត្រីអេក្វាឌ័រ នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) បានរាយការណ៍ថាចំនួនអ្នកទោសដែលបានស្លាប់នៅក្នុង ការប្រយុទ្ធគ្នារវាងអ្នកទោស ក្នុងពន្ធនាគារលីតតូរ៉ល (Littoral) ស្ថិតនៅក្នុងទីក្រុងហ្គាយ៉ាឃ្វីល (Guayaquil) នៃប្រទេសអេក្វាឌ័រ បានកើនឡើងដល់ ១១៦នាក់ ហើយនេះជាអំពើហង្សាក្នុងពន្ធនាគារដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១។

មេបញ្ជាការប៉ូលិសអេក្វាឌ័រ លោក Fausto Buenano បាននិយាយថា ក្នុងចំណោមអ្នកទោសដែលបានស្លាប់ទាំង ១១៦នាក់ខាងលើយ៉ាងហោចណាស់ មានអ្នកទោសចំនួន ០៥នាក់ត្រូវបានកាត់ក្បាល នៅក្នុងការប្រយុទ្ធគ្នាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ខណៈអ្នកទោសផ្សេងទៀតបានស្លាប់ដោយសារការបាញ់ សម្លាប់ និងការបំផ្ទុះគ្រាប់បែក។ ចំណែកឯអ្នករបួស ក៏បានកើនឡើងដល់ជាង ៨០នាក់ផងដែរ។

ជុំវិញបញ្ហានេះ ប្រធានាធិបតីអេក្វាឌ័រ លោក ហ្គីឡែម៉ូ ឡាសូ (Guillermo Lasso) បានប្រកាសភាពអាសន្ននៅក្នុងប្រព័ន្ធពន្ធនាគាររបស់ប្រទេស។

គួរបញ្ជាក់ថា ប្រព័ន្ធពន្ធនាគារនៃប្រទេសអេក្វាឌ័រ បានក្លាយជាសមរភូមិប្រយុទ្ធរវាងអ្នកទោស ជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនគ្រឿងញៀនម៉ិកស៉ីកូ ដែលភាគច្រើន ជាក្រុមឧក្រិដ្ឋជនគ្រឿងញៀនស៊ីណាឡូ (Sinaloa) និងហាលីស្កូជំនាន់ថ្មី (Jalisco New Generation) ដ៏មានឥទ្ធិពលនៅលើពិភពលោក៕