(ហុងកុង)៖ លោកស្រី ផូល ចាន់ (Paul Chan) លេខាធិការហិរញ្ញវត្ថុរបស់ទីក្រុងហុងកុង បានដាក់ញ្ញត្តិមួយជូនទៅកាន់សាលាដំបូងរបស់ទីក្រុងនេះ ដើម្បីស្នើឲ្យបិទដំណើរការក្រុមហ៊ុន Next Digital (NDL) ដែលជាក្រុមហ៊ុនសារព័ត៌មាន គ្រប់គ្រងដោយមហាសេដ្ឋី ជីមមី ឡៃ (Jimmy Lai) ដែលកំពុងជាប់ឃុំឃាំង។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១។

ក្រុមហ៊ុន Next Digital គឺជាក្រុមហ៊ុនគ្រប់គ្រងការចេញផ្សាយ នៃកាសែត Apple Daily ដែលជាកាសែតគាំទ្រប្រជាធិបតេយ្យ ដ៏មានប្រជាប្រិយភាពនៅហុងកុង ដែលត្រូវបានបិទកាលពីខែមិថុនា បន្ទាប់ពីទីស្នាក់ការរបស់កាសែតនេះ ត្រូវបានកម្លាំងប៉ូលិសចុះបង្ក្រាបភ្លាមៗ និងដាក់ឲ្យស្ថិតក្នុងការស៊ើបអង្កេតថា តើអត្ថបទមួយចំនួនដែលបានចុះផ្សាយ បានរំលោភច្បាប់សន្តិសុខជាតិ ដែលដាក់ឱ្យអនុវត្តក្នុងទីក្រុងហុកុង ដោយទីក្រុងប៉េកាំងកាលពីឆ្នាំមុនដែរឬយ៉ាងណា។

លោកស្រី Chan បានយល់ឃើញថា ការបិទក្រុមហ៊ុន Next Digital នឹងក្លាយជាប្រយោជន៍សាធារណៈ បន្ទាប់ពីលោកស្រីធ្វើការពិចារណាលើ របាយការណ៍ស៊ើបអង្កេតមួយ ស្តីអំពីកិច្ចការរបស់ក្រុមហ៊ុននេះ។ គណៈកម្មការមូលបត្រ (SFC) របស់ទីក្រុងហុងកុង ក៏បានផ្តល់ជូនលោកស្រី Chan នូវព័ត៌មាន និងភស្តុតាងសំខាន់ៗផងដែរ បន្ទាប់ពីគណៈកម្មការនេះ បានអនុវត្តការស៊ើបសួរក្រុមហ៊ុន Next Digital នាពេលកន្លងមក។

បើតាមការផ្សាយរបស់ CNA ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ រដ្ឋបាលទីក្រុងហុងកុង ដែលបានចេញផ្សាយកាលពីថ្ងៃពុធសប្តាហ៍នេះ ឲ្យដឹងថា «SFC ក៏ជឿថា វាជាការចង់បាន និងជាប្រយោជន៍សាធារណៈសម្រាប់ការបិទក្រុមហ៊ុន NDL ដោយផ្អែកលើព័ត៌មាន និងភស្តុតាងនានាដែលខ្លួនទទួលបាន»