(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានអំពាវនាវឱ្យមានការឆ្លើយតប ជាលក្ខណៈអន្តរជាតិជាបន្ទាន់ ចំពោះវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានកើតមានឡើងជាបន្តបន្ទាប់ ក្រោយការធ្វើរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងឯកសារស្តីពី «ស្ថានភាពសិទ្ធិមនុស្សរបស់ជនជាតិភាគតិចម៉ូស្លីម រ៉ូហ៊ីងយ៉ា (Rohingya) និងជនជាតិភាគតិចដទៃទៀត នៅក្នុងប្រទេសមីយ៉ាន់ម៉ា» ដែលត្រូវបានចេញផ្សាយនៅដើមសប្តាហ៍នេះ លោក Antonio Guterres ក៏បាននិយាយផងដែរថា លោកខ្លាចថាការបន្តក្តាប់អំណាចរបស់យោធា នឹងកាន់តែពិបាកឲ្យអន្តរជាតិទប់ទល់។

លោក Antonio Guterres ធ្លាប់បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាជាភាពចាំបាច់បំផុតមួយក្នុងការរួបរួមគ្នា បង្កើនការឆ្លើយតបជាលក្ខណៈអន្តរជាតិ ដើម្បីជួយធ្វើឱ្យប្រទេសមីយ៉ាន់ម៉ា ដើរលើផ្លូវឆ្ពោះទៅរកកំណែទម្រង់ប្រជាធិបតេយ្យវិញ»

លោក Antonio Guterres បានធ្វើការកត់សម្គាល់ នៅក្នុងរបាយការណ៍ខាងលើនេះ ដែលបានចេញតាំងតែពីចុងខែសីហានោះទៀតថា «កិច្ចប្រឹងប្រែងអន្តរជាតិ ត្រូវតែទាមទារឲ្យមានការដោះលែង ប្រធានាធិបតីមីយ៉ាន់ម៉ា លោក វីន ម្យីនត៍ (Win Myint), ទីប្រឹក្សារដ្ឋ លោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) និងមន្រ្តីរដ្ឋាភិបាលដទៃទៀតភ្លាមៗ។ វាក៏ត្រូវតែមានការផ្ដល់ជំនួយមនុស្សធម៌ភ្លាមៗ ជាពិសេសដល់សហគមន៍ដែលងាយរងគ្រោះខ្លាំងបំផុត ក្នុងនោះមានជនជាតិម៉ូស្លីម រ៉ូហីងយ៉ា ដែលពួកគេភាគច្រើនកំពុងនិរទេសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស និងកន្លែងផ្សេងទៀត»

លោក Antonio Guterres បាននិយាយបន្ថែមថា «ឱកាសដើម្បីការពារយោធាមិនឱ្យចូលទៅក្នុងការគ្រប់គ្រង អាចមានភាពតូចចង្អៀត ហើយវាមានសារៈសំខាន់ក្នុងការគាំទ្រសេចក្តីប្រាថ្នាបែបប្រជាធិបតេយ្យរបស់ប្រជាជនមីយ៉ាន់ម៉ា»

គួរបញ្ជាក់ថា គ្មានការពន្យល់ណាមួយដែលត្រូវបានផ្តល់ដោយ UN ចំពោះការពន្យារពេលយូរ ក្នុងការចេញផ្សាយរបាយការណ៍របស់ខ្លួននោះទេ។ របាយការណ៍នេះ ត្រូវបានអនុម័តដោយប្រទេសចំនួន ១១៩ ដោយមានប្រទេសចំនួន ៣៦ រួមទាំងប្រទេសចិនដែលបានបោះឆ្នោតអនុបវាទ និងមួយប្រទេសទៀត គឺប្រទេសបេឡារុសបានបោះឆ្នោតប្រឆាំង៕