(វ៉ាស៊ីនតោន)៖ ក្រុមតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋ បានរិះគន់យ៉ាងខ្លាំងចំពោះការការពារការសម្រេចចិត្តដកកងទ័ពអាមេរិកចេញពី អាហ្វហ្កានីស្ថានរបស់លោកប្រធានាធិបតី ចូ បៃដិន ថាមិនមានភាពស្មោះត្រង់ និងវិនិច្ឆ័យខុសដែលបង្កទៅជាគ្រោះមហន្តរាយមួយ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងសវនាការសួរចម្លើយថ្នាក់ដឹកនាំនៃមន្ទីរបញ្ចកោណឈានចូលដល់ថ្ងៃទី២ នៅថ្ងៃពុធសប្ដាហ៍នេះ ក្រុមតំណាងរាស្ត្របក្សសាធារណរដ្ឋបានចោទប្រកាន់ លោក ចូ បៃដិនថាបាននិយាយកុហកពាក់ព័ន្ធនឹងការផ្ដល់អនុសាសន៍ពីក្រុមមេបញ្ជាការកងទ័ពអាមេរិក ក្នុងការរក្សាកងទ័ព ២,៥០០នាក់, ការមើលស្រាលពីការព្រមានពីហានិភ័យនៃការឡើងកាន់អំណាចជាថ្មីរបស់ក្រុមតាលីបង់ និងការលើកសរសើរហួសហេតុពេកពីសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការបង្ការកុំឱ្យអាហ្វហ្កានីស្ថានក្លាយជាឋានសួគ៌របស់ពួកភេរវករដូចជាអាល់កៃដា ជាដើម។

លោក Mike Rogers ជាសមាជិកសភាតំណាងរាស្ត្រជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋបានបញ្ជាក់ដូច្នេះថា «ខ្ញុំមានការបារម្ភថាលោក ប្រធានាធិបតី (ចូ បៃដិន) បានធ្វើការវិច្ឆ័យខុស...ហើយវាគឺជាបរាជ័យដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់មេដឹកនាំអាមេរិក»។ លោក Rogers បន្ថែមថាស្ថានការណ៍ដែល បានកើតឡើងនៅអាហ្វហ្កានីស្ថានគឺជាគ្រោះមហន្តរាយមួយទាំងស្រុង។

គួរបញ្ជាក់ថា កាលពីខែសីហាកន្លងទៅ នៅក្នុងបទសម្ភាសន៍មួយតាមកញ្ចក់ទូរទស្សន៍លោក ចូ បៃដិន បានបដិសេធថាក្រុមមេបញ្ជាការរបស់លោកមិនបានផ្ដល់ អនុសាសន៍ឱ្យរក្សាកងទ័ពអាមេរិក ២,៥០០នាក់ឱ្យបន្តស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថានឡើយ ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថាពួកគេបានផ្ដល់ អនុសាសន៍បែបនេះដល់រូបលោក។ មិនតែប៉ុណ្ណោះ លោក បៃដិនថែមទាំងអះអាងទៀតផងថារដ្ឋាភិបាលទីក្រុងកាប៊ុលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការតស៊ូ ប្រយុទ្ធជាមួយតាលីបង់ តែមិនដល់ ២សប្ដាហ៍ស្រួលបួលផងអាហ្វហ្កានីស្ថានបានធ្លាក់ចូលក្រោមការគ្រប់គ្រងជាថ្មីរបស់តាលីបង់៕