(បង់ក្លាដែស)៖ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ (UN) និងមន្រ្តីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ខ្មាន់កាំភ្លើងបានបាញ់សម្លាប់ មេដឹកនាំសហគមន៍ជនជាតិរ៉ូហ៊ីងយ៉ាដ៏លេចធ្លោម្នាក់ ក្នុងជំរំជនភៀសខ្លួនមួយ ស្ថិតនៅភាគខាងត្បូងប្រទេសបង់ក្លាដែស កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១។

ជនរងគ្រោះខាងលើនេះ គឺលោក ម៉ូហ៊ីប អ៊ូឡោះ (Mohib Ullah) ដែលមានវ័យជិត ៥០ឆ្នាំទៅហើយ និងជាមេដឹកនាំសហគមន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានកាន់តួនាទីរបស់ខ្លួនបានយូរផងដែរ គិតចាប់តាំងពីជនជាតិមូស្លីម-រ៉ូហ៊ីងយ៉ា រហូតដល់ទៅជាង ៧៣០,០០០នាក់ បានរត់ភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ដោយសារតែការបង្ក្រាបជាបន្តបន្ទាប់ កាលពីអំលុងខែកក្កដា ឆ្នាំ២០១៧។

លោក Mohib Ullah ក៏ធ្លាប់បានចូលរួមថ្លែងសុន្ទរថា ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN និងសេតវិមានទីក្រុងវ៉ាស៊ីនតោន ក្នុងនាមជាអ្នកតស៊ូមតិ ដ៏ឆ្នើមម្នាក់សម្រាប់ជនជាតិរ៉ូហ៊ីងយ៉ា ជាជនជាតិភាគតិចមូស្លីម ដែលបានប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញ អស់ជាច្រើនជំនាន់ផងដែរ។

បើតាមលោក រ៉ាហ្វីគុល អ៊ីស្លាម (Rafiqul Islam) មន្ត្រីប៉ូលីសបង់ក្លាដែសម្នាក់ នៅក្នុងទីក្រុងជាប់ទីក្រុង ខូសបាហ្សា (Cox's Bazar) ដែលកើតហេតុ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters តាមទូរស័ព្ទថា «លោក Mohib Ullah ត្រូវបានគេបាញ់សម្លាប់នៅក្នុងជំរំ»។ យ៉ាងណាក៏ដោយ ពុំមានព័ត៌មានលម្អិតអ្វីបន្ថែម លើសពីនេះទៀតទេ។

សម្រាប់អ្នកនាំពាក្យរបស់ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយថា ទីភ្នាក់ងារនេះមានការសោកស្តាយជាខ្លាំង ចំពោះការសម្លាប់លោក Mohib Ullah។ អ្នកនាំពាក្យរូបនេះបាននិយាយថា «យើងកំពុងបន្តធ្វើទំនាក់ទំនងជាមួយ អាជ្ញាធរអនុវត្តច្បាប់ (បង់ក្លាដែស) ដែលទទួលបន្ទុករក្សាសន្តិភាព និងសន្តិសុខនៅក្នុងជំរំ»