(វ៉ាស៊ីនតោន)៖ យូធូបបានប្រកាសថា ខ្លួននឹងលុបរាល់វីដេអូណា ដែលផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើវេទិការបស់ខ្លួន អំពីវ៉ាក់សាំងដែលត្រូវបានអនុម័តទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១។

ក្រុមហ៊ុនបានបញ្ជាក់នៅក្នុងប្លុករបស់ខ្លួនថា «អ្នកប្រើប្រាស់ណា ដែលបង្ហោះព័ត៌មានមិនត្រឹមត្រូវអំពីវ៉ាក់សាំងបច្ចុប្បន្ន ដែលត្រូវបានអនុម័ត និងបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាព ដោយអាជ្ញាធរសុខាភិបាលក្នុងតំបន់ និងអង្គការសុខភាពពិភពលោក នឹងត្រូវស្ថិតនៅក្រោមគោលនយោបាយធ្វើកូដកម្មរបស់យូធូប ហើយអាចប្រឈមនឹងការលុបចោល»

យូធូបបានបន្ថែមថា «សេចក្តីសម្រេចនេះនឹងរួមបញ្ចូលខ្លឹមសារណា ដែលនិយាយមិនពិតថា វ៉ាក់សាំងដែលបានអនុម័ត បង្កឱ្យមានជំងឺអូទីស្សឹម ជំងឺមហារីក ឬគ្មានកូនជាដើម ឬក៏បំភ្លៃព័ត៌មានថា សារធាតុនៅក្នុងវ៉ាក់សាំង អាចឲ្យគេតាមដានអ្នកដែលទទួលចាក់វ៉ាក់សាំងទាំងនោះបាន»

គួរបញ្ជាក់ថា វេទិកានេះកាលពីមុន ក៏ធ្លាប់បានណែនាំអំពីគោលនយោបាយហាមឃាត់ព័ត៌មានមិនពិតទាក់ទងនឹងជំងឺកូវីដ១៩ ផងដែរ ក្នុងនោះរួមមានទាំងការព្យាបាល និងការការពារផងដែរ៕