(ប៉េកាំង)៖ មន្រ្តីសុខាភិបាលជាតិចិនម្នាក់ នៅថ្ងៃពុធនេះបាននិយាយថាការផ្ទុះឡើងនៃជំងឺ COVID-19 ចុងក្រោយបង្អស់នៅក្នុងខេត្ត ហ៊្វូជាន (Fujian) ភាគខាងកើតប្រទេសចិន បានស្ថិតក្រោមការគ្រប់គ្រងហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១។

អ្នកនាំពាក្យគណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) លោក Mi Feng បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងថាកិច្ចខិតខំប្រឹងប្រែងគួរតែត្រូវបាន ធ្វើឡើង ដើម្បីពង្រឹងសមិទ្ធផលនៃការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ ដើម្បីការពារការកើតឡើងវិញ។

ទោះយ៉ាងណា លោក Mi Feng បានព្រមានថា ស្ថានភាពឆ្លងរាតត្បាតនៅខេត្តហីឡុងជាំង (Heilongjiang) ភាគឦសានប្រទេសចិននៅតែស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ នៅឡើយ។ លោក Mi Feng បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះនៅក្នុងតំបន់។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសចិន បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៩៦,១០៦ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងអ្នកជាសះស្បើយ ៩០,៥២១នាក់៕