(កាប៊ុល)៖ ក្រុមតាលីបង់ នៅថ្ងៃពុធនេះបានព្រមានពីផលវិបាកដែលអាចកើតមានឡើង ប្រសិនបើសហរដ្ឋអាមេរិក មិនបញ្ឈប់ការហោះហើរយន្តហោះគ្មានមនុស្សបើក (ដ្រូន) ចូលមកកាន់ដែនអាកាសនៃប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១។

ក្រុមតាលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម Twitter ថា «សហរដ្ឋអាមេរិកបានរំលោភសិទ្ធិ និងច្បាប់អន្តរជាតិទាំងអស់ ព្រមទាំងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះក្រុមតាលីបង់ ដែលបានធ្វើឡើងនៅទីក្រុងដូហា (Doha) ប្រទេសកាតា (Qatar) ផងដែរ។ យើងសូមអំពាវនាវដល់ប្រទេសទាំងអស់ ជាពិសេសសហរដ្ឋអាមេរិក ឱ្យគោរពប្រទេសអាហ្វហ្គានីស្ថាន ដោយគោរពសិទ្ធិ និងច្បាប់អន្តរជាតិ ព្រមទាំងការប្តេជ្ញាចិត្ត... ដើម្បីការពារផលវិបាកអវិជ្ជមានណាមួយ ដែលអាចកើតមានឡើង»។ ជុំវិញបញ្ហានេះ ក្រុមមន្រ្តីអាមេរិក មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីភ្លាមៗនោះទេ។

គួរបញ្ជាក់ថា ក្រុមតាលីបង់ បានឡើងកាន់អំណាចសាជាថ្មី នៅប្រទេសអាហ្វហ្គានីស្ថាន កាលពីខែសីហា កន្លងទៅ បន្ទាប់ពីកងទ័ពអាមេរិក និងក្រុមបស្ចិមប្រទេសភាគច្រើន បានចាកចេញពីប្រទេសអាស៉ីខាងត្បូងមួយនេះ ដើម្បីបិទបញ្ចប់បេសកកម្មយោធានិងការទូត ដែលបានចាប់ផ្តើមមិនយូរប៉ុន្មាន ក្រោយការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាមេរិក៕