(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានអះអាងថា មីស៉ីលលឿនជាងសំឡេង «ហៃភើសូនិក» ដែលកូរ៉េខាងជើងបានបាញ់តេស្ត កាលពីថ្ងៃអង្គារសប្តាហ៍នេះ គឺទំនងជាស្ថិតត្រឹមក្នុងដំណាក់កាលដំបូង នៃដំណើរការអភិវឌ្ឍនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១។

យោធាកូរ៉េខាងត្បូង បានរៀបរាប់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ក្រោយពីបានវាយតម្លៃលើទិន្នន័យផ្សេងៗ ដែលប្រមូលបាន ដូចជា ល្បឿនជាដើម នៃមីស៉ីលហៃភើសូនិក ដែលកូរ៉េខាងជើងបានបង្ហាញរូបរាង ក្នុងការធ្វើតេស្តកាលពីថ្ងៃអង្គារម្សិលមិញ គឺវាទំនងជាកំពុងស្ថិតត្រឹមក្នុង ដំណាក់កាលដំបូងៗនៅឡើយ នៃការអភិវឌ្ឍ ហើយប្រហែលទាមទារពេលវេលាយូរទៀត ទើបអាចប្រើប្រាស់បាន។ កូរ៉េខាងត្បូងបានបន្ថែមទៀតថា បរិក្ខាយោធារបស់ខ្លួន និងសហរដ្ឋអាមេរិក មានសមត្ថភាពចាប់សញ្ញានិងស្ទាក់ មីស៉ីលនេះបាន។

នៅថ្ងៃពុធនេះ កូរ៉េខាងជើងបានចេញមុខប្រកាសជាផ្លូវការថា កាលពីព្រឹកថ្ងៃអង្គារសប្តាហ៍នេះ ខ្លួនបានធ្វើបាញ់សាកល្បង មីស៉ីលហៃភើសូនិក ឈ្មោះថា ហាសុង-៨ (Hwasong-8) ចេញពីខេត្តចាហ្កាង (Jagang) នៅឆ្នេរភាគខាងកើតប្រទេស ហើយទៅធ្លាក់ចូលដែនសមុទ្រខាងកើត។

គួរបញ្ជាក់ថា ក្នុងខែកញ្ញានេះ កូរ៉េខាងជើងបានធ្វើបាញ់តេស្តមីស៉ីលជាបន្តបន្ទាប់ រួមមានប្រភេទមីស៉ីលគ្រូស និងប្រភេទមីស៉ីលបាលីស្ទីក ជាដើម៕