(ប៉េកាំង)៖ បន្ទាប់ពីចេញផ្សាយអត្ថបទសំខាន់ ក្រោមចំណងជើងថា «ហេតុអ្វីបានជាយើងអាចទទួលបានជោគជ័យ» កាលពីថ្ងៃទី២៧ ខែកញ្ញា កាសែតប្រជាជនដែលជាកាសែត គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានចេញផ្សាយអត្ថបទក្រោមចំណងជើងថា «តើយើងត្រូវធ្វើយ៉ាងម៉េច ទើបអាចបន្តទទួលបានជោគជ័យ» ដែលមានឈ្មោះអ្នកនិពន្ធថា “សេចក្តីប្រកាស” កាលពីថ្ងៃទី២៨ខែកញ្ញា ។

អត្ថបទនេះបានធ្វើការវិភាគ និងបូកសរុបបទពិសោធន៍ដ៏ជោគជ័យ នៃបក្សកុម្មុយនិស្តចិនលើវិស័យចំនួនបួន គឺស្នូលដឹកនាំ ការណែនាំគំនិត ប្រព័ន្ធរៀបចំចាត់ចែង និងតួនាទីគំរូឈានមុខ ព្រមទាំងបានលើកពីផែនការប្រតិបត្តិ ជូនបក្សកុម្មុយនិស្តចិនក្នុងការដឹកនាំប្រជាជនចិន សម្រេចគោលដៅតស៊ូមួយរយឆ្នាំទីពីរ ក្រោមនិម្មាបនកម្មថ្មីរបស់ចិន និងអន្តរជាតិដែលមានភាពស្មុគស្មាញ និងប្រែប្រួលយ៉ាងខ្លាំង ពោលគឺដល់ឆ្នាំ២០៤៩ដែលជាខួបទី ១០០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នឹងកសាងប្រទេសចិនឱ្យក្លាយជាប្រទេសសង្គមនិយមទំនើប ដ៏ខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយ។

ឆ្នាំនេះជាខួបទី ១០០ នៃការបង្កើតបក្សកុម្មុយនិស្តចិន ហើយបក្សនេះបានដឹកនាំប្រទេសចិន សម្រេចបាននូវគោលដៅតស៊ូមួយរយឆ្នាំ ទីមួយគឺការសម្រេចការកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ។ អត្ថបទក្រោមចំណងជើងថា «តើយើងត្រូវធ្វើយ៉ាងម៉េច ទើបអាចបន្តទទួលបានជោគជ័យ» នេះបានបង្ហាញថា សាមគ្គីភាពជាមូលដ្ឋាននៃភាពជោគជ័យ។

នៅក្នុងបរិបទដែលមានផលប្រយោជន៍ច្រើនបែបយ៉ាង និងភាពខុសគ្នានៃតម្រូវការត្រូវបានបន្តពង្រីក ស្នូលដឹកនាំដ៏មុតមាំនៃបក្សកុម្មុយនិស្តចិន ចាំបាច់ត្រូវប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាស្នូល តំណាងផលប្រយោជន៍ជាមូលដ្ឋាន របស់ប្រជាជនភាគច្រើនលើសលប់យ៉ាងពិតប្រាកដ គិតពិចារណា និងសម្របសម្រួលផលប្រយោជន៍ ក្នុងវិស័យនានាឱ្យបានល្អ បំផុសភាពរស់រវើកនិងកម្លាំងផលិតកម្មក្នុងសង្គម ដើម្បីប្រមូលផ្តុំកម្លាំងដ៏ខ្លាំងក្លាបំផុត ដែលរួមគ្នាតស៊ូព្យាយាមក្នុងកម្រិតអតិបរមា។

ចុងក្រោយបំផុត អត្ថបទបានបង្ហាញថា ប្រជាជនចិនជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ និងរឹងមាំនៃមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលមានលោកប្រធានរដ្ឋចិន ស៊ី ជីនភីង ជាប្រមុខស្នូល គ្មានការលំបាកណាមួយ អាចគាបសង្កត់ប្រជាជនចិននោះទេ ហើយគ្មានរលកធំណាមួយ អាចរារាំងការអភិវឌ្ឍរបស់ប្រទេសចិនដែរ។ ប្រទេសចិនមុខជានឹងបន្តទទួលបាន «ជោគជ័យ» ជាមិនខាន ហើយចិនក៏មុខជានឹងជោគជ័យជាមិនខាន!៕