(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០,៤១៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១០,២៣៦ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៧៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១២២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១១,៥៨០នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៥៩១,៨២៩ករណី ក្នុងនោះមានអ្នកស្លាប់ ១៦,៦២០នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៤៥៩,៧៨៦នាក់។ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៤៩លានដូស ក្នុងនោះប្រជាជនជាង ១៨លាននាក់ (២៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕