(ឡុងដ៍)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស លោក ចេង ហ្សេក្វាង (Zheng Zeguang) បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ការប៉ុនប៉ងរបស់បរទេស ដើម្បីរារាំងអំណាច និងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន «តែងតែបរាជ័យ» ដូច្នេះមហាអំណាចធំៗ គួរតែចៀសវាងគំនិតចង់ធ្វើអាណានិគមលើគេ ដែលអាចនាំឱ្យមានការប្រឈមមុខដាក់គ្នា ជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទី ២ របស់ពិភពលោកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១។

លោក Zheng Zeguang បានថ្លែងនៅក្នុងពិធីមួយ ដើម្បីអបអរសាទរខួបលើកទី ៧២ នៃសាធារណរដ្ឋប្រជាមានិតចិនថា បក្សកុម្មុយនិស្តចិនបានបណ្តេញអ្នកជិះជាន់បរទេស និងកសាងប្រទេសចិនឡើងវិញ ដោយបានជួយសង្គ្រោះប្រជាជនជាង ៧៧០លាននាក់ចេញពីភាពក្រីក្រ ក្នុងរយៈពេលជាងកន្លះសតវត្សរ៍ចុងក្រោយនេះ។

លោក Zheng Zeguang បាននិយាយថា «ការប៉ុនប៉ងដើម្បីរារាំងចិន មិនដែលទទួលបានជោគជ័យទេ ហើយតែងតែជាក្តីសុបិន ដែលទទួលបានតែភាពទទេប៉ុណ្ណោះ នាពេលអនាគត។ គ្មាននរណាម្នាក់អាចបញ្ឈប់ប្រជាជនចិនពីការរីកចម្រើនទៅមុខបន្ថែមទៀតបានទេ»។ ឯកអគ្គរដ្ឋទូតចិនរូបនេះ ក៏បានអំពាវនាវឱ្យមហាអំណាចធំៗ ច្រានចោល «ចិត្តគំនិតចង់ធ្វើអាណានិគមលើគេ» និង «ចលនាផ្សេងៗទៀត ដែលនាំឱ្យមានការបែកបាក់ ឬប្រឈមមុខដាក់គ្នា»

គួរបញ្ជាក់ថា ការលើកឡើងដោយឯកអគ្គរដ្ឋទូតចិន ប្រចាំចក្រភពអង់គ្លេសខាងលើនេះ បានកើតមានឡើងបន្ទាប់ពី កិច្ចព្រមព្រៀងសន្តិសុខត្រីភាគី A-UK-US ត្រូវបានបង្កើតឡើងរវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី។ កិច្ចព្រមព្រៀងដែលស្ថិតក្នុងគោលដៅរាំងខ្ទប់ឥទ្ធិពលចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ មិនត្រឹមតែធ្វើឲ្យចិនថ្កោលទោសប៉ុណ្ណោះទេ តែបណ្តាសម្ពន្ធមិត្តអាមេរិកទាំងនៅអឺរ៉ុប និងអាស៊ីមួយចំនួន ក៏បានបង្ហាញការមិនពេញចិត្តជាខ្លាំងផងដែរ៕