(ហាណូយ)៖ មន្ទីរសុខាភិបាលទីក្រុងហូជីមិញបាននិយាយថា មានករណីវិជ្ជមានកូវីដ១៩ ចំនួនរហូតដល់ ១៥០,០០០ ករណី ដែលត្រូវបានរកឃើញតាមរយៈការធ្វើតេស្តរហ័ស (តេស្តអង់ទីហ្សែន) មិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជីតួលេខសរុបថ្នាក់ជាតិនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Viet Nam News នៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១។

ដោយពន្យល់ពីបញ្ហានេះ លោក Nguyễn Văn Vĩnh Châu ដែលជាអនុប្រធានមន្ទីរសុខាភិបាលទីក្រុងហូជីមិញបាននិយាយថា យោងតាមពិធីការរបស់ក្រសួងសុខាភិបាល គឺមានតែករណីដែលបានបញ្ជាក់តាមរយៈការធ្វើរោគវិនិច្ឆ័យ RT-PCR ប៉ុណ្ណោះ ដែលត្រូវបានគេចាត់ទុកថាជា ករណីវិជ្ជមាន។

ក្នុងអំឡុងពេល នៃការផ្ទុះឆ្លងខ្លាំងនៅទីក្រុងហូជីមិញ ក្រសួងសុខាភិបាលវៀតណាមបានដាក់ពង្រាយតេស្តទាំងពីរប្រភេទ គឺការធ្វើតេស្តអង់ទីហ្សែន(តេស្តរហ័ស) និងតេស្ត PCR នៅទូទាំងទីក្រុង អាស្រ័យលើហានិភ័យដែលបានដឹងពីតំបន់នីមួយៗ ហើយករណីវិជ្ជមានទាំងអស់ដែលបានរកឃើញ តាមរយៈការធ្វើតេស្តអង់ទីហ្សែនមិនត្រូវបានរាប់បញ្ចូលក្នុងបញ្ចីតួលេខថ្នាក់ជាតិទេ។

ប៉ុន្តែទោះបីជាយ៉ាងណា អាជ្ញាធរវៀតណាមបានគូសបញ្ជាក់ថា ករណីវិជ្ជមានទាំងនោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ឬត្រូវបានបញ្ជូនទៅកន្លែងព្យាបាល ឬក៏អនុញ្ញាតឲ្យនៅដាច់ដោយឡែកនៅក្នុងផ្ទះ ហើយប្រសិនជាចាំបាច់អាជ្ញាធរក្នុងតំបន់នឹងនាំយកកញ្ចប់វេជ្ជសាស្ត្រទៅជូនពួកគេ។

គួរបញ្ជាក់ថា ប្រសិនបើករណីទាំង១៥០,០០០ករណីនេះ ត្រូវបានបន្ថែមទៅក្នុងបញ្ជីជាតិ នោះករណីឆ្លងកូវីដ១៩ ផ្លូវការរបស់វៀតណាម នឹងកើនលើសពី ៩០០,០០០ករណីឯណោះ ខណៈតួលេខផ្លូវការនៅពេលមានបច្ចុប្បន្នមានតែ ៧៦៦,០៥១ករណីប៉ុណ្ណោះ ហើយស្ទើរតែ៦០ ភាគរយគឺត្រូវបានរាយការណ៍នៅទីក្រុងហូជីមិញ ដែលមានជាង ៥២៥,០០០ករណី៕