(យូអិន)៖ លោក អាប់ឌុលឡាហ៍ ហ្សាហ៊ីដ (Abdulla Shahid) ប្រធានសម័យប្រជុំលើកទី៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ពហុភាគីនិយមនៅតែរក្សាបានល្អ ដោយមិនទាន់រលាយសាបសូន្យទៅណានៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១។

លោក Abdulla Shahid បានថ្លែងនៅក្នុងពិធីបិទបញ្ចប់ការជជែកដេញដោលទូទៅ នៃសម័យប្រជុំលើកទី៧៦ នៃ UNGA ថា «ទោះបីជាយើងអាចមានការខ្វែងគំនិតគ្នាលើយុទ្ធសាស្ត្រយ៉ាងណាក៏ដោយ ប៉ុន្តែគោលដៅចុងក្រោយរបស់យើង គឺនៅតែដូចគ្នាច្រើន»។ លោកបានបន្ថែមថា ពិភពលោកនៅតែបន្តជឿជាក់លើការសន្ទនា និងការធ្វើការទូត។

ក្នុងសប្តាហ៍ចុងក្រោយនេះ មហាសន្និបាតបានទទួលការថ្លែងសន្ទរកថាពីវាគ្មិនចំនួន ១៩៤រូប ក្នុងនោះរួមមានប្រមុខរដ្ឋចំនួន១០០រូប, ប្រមុខរដ្ឋាភិបាលចំនួន៥២រូប, អនុប្រធានាធិបតីចំនួន០៣រូប និងរដ្ឋមន្ត្រីចំនួន ៣៤រូប។

បញ្ហាជាច្រើនត្រូវបានលើកយកមកពិភាក្សា ក្នុងនោះរួមមានទាំងបញ្ហាជំងឺឆ្លងរាតត្បាត COVID-19, ការគំរាមកំហែងនៃការបម្រែបម្រួលអាកាសធាតុ ក៏ដូចជាបញ្ហាសន្តិភាព សន្តិសុខ និងហានិភ័យនៃអស្ថិរភាពផងដែរ។

លោក Abdulla Shahid បានសង្កត់ធ្ងន់ថា «ឥឡូវនេះសម្រាប់យើង ដែលជាសមាជិករបស់ UN ត្រូវដោះស្រាយបញ្ហាទាំងនេះ និងអនុវត្តទៅតាមវិធីដែលប្រែក្លាយរាល់បញ្ហាប្រឈមទៅជាឱកាស ដើម្បីពង្រឹងពហុភាគីនិយម និងផ្តល់លទ្ធផលជាក់ស្តែង»