(តូក្យូ)៖ ថ្ងៃអង្គារនេះគឺថ្ងៃចុងក្រោយហើយ សម្រាប់ឲ្យបេក្ខជនដែលនឹងត្រូវក្លាយជា នាយករដ្ឋមន្រ្តីជប៉ុនថ្មី ធ្វើការទាក់ទាញរកសំឡេងគាំទ្រ មុនការបោះឆ្នោតជ្រើសរើសប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ប្រព្រឹត្តទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១។

សមាសភាពបេក្ខជនខាងលើ រួមមានលោកស្រី សាណេ តាកាអ៊ីជិ (Sanae Takaichi) និងលោកស្រី សេកូ ណូដា (Seiko Noda) ដែលសុទ្ធតែធ្លាប់ធ្វើជាអតីតរដ្ឋមន្រ្តីមហាផ្ទៃ និងទំនាក់ទំនង ព្រមទាំងអតីតរដ្ឋមន្រ្តីការបរទេស លោក ហ្វ៊ូមីអុ គីហ្ស៊ីដា (Fumio Kishida) និងរដ្ឋមន្រ្តីវ៉ាក់សាំងរបស់រដ្ឋាភិបាលបច្ចុប្បន្នគឺ លោក តារ៉ូ កូណុ (Taro Kono)។ លោក Kishida និង លោក Kono ត្រូវគេមើលឃើញថា អាចមានលទ្ធភាពខ្ពស់ក្នុងការជាប់ឆ្នោត។

ការបោះឆ្នោតជ្រើសរើសប្រធានបក្ស LDP នឹងរៀបចំឡើងនៅថ្ងៃពុធសប្តាហ៍នេះ ហើយលទ្ធផលត្រូវគេរំពឹងថា នឹងចេញនៅពេលរសៀលថ្ងៃដដែល។ អ្នកទទួលជ័យជម្នះនឹងឡើងជំនួស នាយករដ្ឋមន្រ្តីចាំផ្ទះ លោក Yoshihide Suga។ នៅថ្ងៃទី០៤ ខែតុលា ខាងមុខ សភាជប៉ុននឹងកំណត់ជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីជាផ្លូវការ ស្របពេលដែលគណបក្ស LDP គឺជាបក្សដែលមានសំឡេងភាគច្រើន។

គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតសកល នៅប្រទេសជប៉ុន គឺអាចប្រព្រឹត្តទៅនៅចុងខែវិច្ឆិកា ឆ្នាំ២០២១។ ហេតុដូច្នេះតំណែងនាយករដ្ឋមន្ត្រី នៃគណបក្ស LDP ក្នុងពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីដឹកនាំបក្សកាន់អំណាចនេះ ទៅដណ្តើមយកជ័យជម្នះជាថ្មីម្តងទៀត៕