(យូអិន)៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោក គីម សុង (Kim Song) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានថ្កោលទោសចំពោះគោលនយោបាយអរិភាព (ប្រកាន់ភាពជាសត្រូវ) របស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសរបស់ខ្លួន និងចាត់ទុកវាថា ជាការបង្ហាញយ៉ាងច្បាស់ នៃការគំរាមកំហែងផ្នែកយោធារបស់ទីក្រុងវ៉ាស៉ីនតោន ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១។

លោក Kim Song បានថ្លែងដូចខាងលើ នៅក្នុងសុន្ទរកមួយកំលុងសម័យប្រជុំលើកទី៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)។ លោកបាននិយាយដូច្នេះថា «គោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិកចំពោះកូរ៉េខាងជើង មិនបានដកចេញទាំងស្រុងនោះទេ។ វាគឺជាការគំរាមកំហែងផ្នែកយោធា និងសកម្មភាពអរិភាពដែលយើង កំពុងប្រឈមមុខពីសហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃ»

លោក Kim Song បាននិយាយថា «សហរដ្ឋអាមេរិក បាននិងកំពុងគំរាមកំហែងនុយក្លេអ៊ែរប្រឆាំងកូរ៉េខាងជើង អស់រយៈពេលជាង ៧០ឆ្នាំមកហើយ ហើយកងទ័ពអាមេរិកដែលកំពុងឈរជើង នៅមូលដ្ឋានយោធាជាច្រើនកន្លែងនៅកូរ៉េខាងត្បូង កំពុងរក្សាជំហរត្រៀមសម្រាប់សង្គ្រាមជានិច្ច ដើម្បីចាត់វិធានការយោធាប្រឆាំងកូរ៉េខាងជើង នៅពេលណាមួយ»

លោក Kim Song បានអំពាវនាវឱ្យសហរដ្ឋអាមេរិក «រួមចំណែកដល់សន្តិភាព និងស្ថិរភាពនៃឧបទ្វីបកូរ៉េ ក៏ដូចជាពិភពលោក ដោយដកគោលនយោបាយអរិភាពចំពោះកូរ៉េខាងជើងចេញទាំងស្រុង»

លោក Kim Song បាននិយាយបន្ថែមថា រដ្ឋបាលអាមេរិក នាពេលបច្ចុប្បន្ន គួរតែបញ្ជាក់ពីជំហរគោលនយោបាយរបស់ខ្លួនដែលថា «ពួកគេគ្មានចេតនារក្សាគោលនយោបាយអរិភាពចំពោះកូរ៉េខាងជើង» តាមរយៈសកម្មភាពជាក់ស្តែងជំនួសឱ្យការនិយាយតែមាត់ ហើយក៏គួរតែដកចេញនូវគោលការណ៍ស្តង់ដារពីរ ចំពោះកូរ៉េខាងជើងផងដែរ។ ប្រសិនបើសហរដ្ឋអាមេរិក បង្ហាញពីការសម្រេចចិត្តដ៏ក្លាហានរបស់ខ្លួន ក្នុងការបោះបង់ចោលនូវគោលនយោបាយអរិភាពចំពោះយើង យើងក៏ត្រៀមខ្លួនឆ្លើយតបដោយឆន្ទៈគ្រប់ពេលវេលា»។

លោក Kim Song បានជំរុញថា «ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ពិតជាចង់បានសន្តិភាព និងការផ្សះផ្សានៅឧបទ្វីបកូរ៉េ នោះវាគួរតែចាត់វិធានការដំបូង ឆ្ពោះទៅរកការបោះបង់ចោល នូវគោលនយោបាយអរិភាពរបស់ខ្លួនប្រឆាំងនឹងកូរ៉េខាងជើង ដោយបញ្ឈប់ការធ្វើសមយុទ្ធយោធារួមគ្នាជាអចិន្ត្រៃយ៍ និងការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រគ្រប់ប្រភេទសំដៅរកកូរ៉េខាងជើង នៅក្នុង និងជុំវិញឧបទ្វីបកូរ៉េ»