(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានប្រកាសនៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះថា ប្រទេសកូរ៉េខាងជើងទើបតែបានធ្វើតេស្ត គ្រាប់មីស៊ីលជាថ្មីទៀត ប៉ុន្តែគេនៅមិនទាន់អាចកំណត់ថា តើវាជាប្រភេទមីស៊ីលអ្វីនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។

យោធាកូរ៉េខាងត្បូងបានប្រកាសទៀតថា គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ត្រូវបានបាញ់ចេញ និងធ្លាក់ទៅក្នុងដែនសមុទ្រភាគខាងកើតរបស់ប្រទេសនេះ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់មានព័ត៌មានជាក់លាក់បន្ថែមទៀត អំពីការធ្វើតេស្តនៅព្រឹកថ្ងៃអង្គារនេះឡើយ ខណៈទាំងយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងប្រមូលផ្តុំទិន្នន័យសំខាន់ៗនៅឡើយ។

ដោយឡែក បើតាមប្រភពពីក្រសួងការពារជាតិជប៉ុនវិញ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃដដែលនេះថា អាវុធដែលកូរ៉េខាងជើងទើបធ្វើតេស្តនោះ អាចជាប្រភេទគ្រាប់មីស៊ីលបាលីស្ទីក (មីស៊ីលផ្លោងដែលមានសមត្ថភាព បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ)។

គួរបញ្ជាក់ថា ការធ្វើតេស្តគ្រាប់មីស៊ីល ដោយទីក្រុងព្យុងយ៉ាងលើកនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានអំពាវនាវតាមរយៈវេទិកា មហាសន្និបាតអង្គការសហប្រជាជាតិ ឲ្យប្រទេសកូរ៉េទាំងពីរបិទបញ្ចប់ទាំងស្រុងនូវសង្គ្រាមរវាងគ្នា។ ការថ្លែងបែបនេះ បាននាំឲ្យប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង ដែលត្រូវបានគេដឹងថា ជាមនុស្សមានអំណាចធំ នៅក្នុងជួរគណបក្សពលករកូរ៉េនោះ ហៅថាជាការថ្លែងដ៏ «គួរឲ្យគោរព»៕