(ញូដេលី)៖ មន្ត្រីរដ្ឋាភិបាលសហព័ន្ធឥណ្ឌា បានបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុកថា ប្រទេសអាស៊ីខាងត្បូងមួយ នេះ នឹងចាប់ផ្តើមនាំចេញវ៉ាក់សាំងបង្ការ COVID-19 ទៅកាន់អន្តរជាតិឡើងវិញ ចាប់ពីខែតុលាខាងមុខនេះតទៅ ខណៈស្ថានការណ៍រាតត្បាតជំងឺ COVID-19 ក្នុងប្រទេសនេះកាន់តែធូរស្រាល និងអត្រាចាក់វ៉ាក់សាំងវិញមានភាពល្អប្រសើរ ចំពោះក្រុមអាយុដែលមានអាទិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១។

ឥណ្ឌាក្នុងនាមជាប្រទេសផលិតវ៉ាក់សាំង ធំជាងគេបំផុតក្នុងពិភពលោក បានសម្រេចផ្អាកការនាំចេញ វ៉ាក់សាំងបង្ការ COVID-19 ទៅកាន់អន្តរជាតិ កាលពីខែមេសា ឆ្នាំ២០២១ ជាពេលដែលទីក្រុងញូដេលីមើលឃើញករណីឆ្លង និងស្លាប់ដោយសារជំងឺនេះកើនឡើងយ៉ាងគំហុក ចំពោះមុខអត្រាចាក់វ៉ាក់សាំង ស្ថិតនៅកម្រិតទាបខ្លាំង បើធៀបនឹងចំនួនប្រជាជនជាង ១,៣០០លាននាក់ របស់ខ្លួននោះ។

គួរបញ្ជាក់ថា ព័ត៌មាននៃការត្រៀមអនុញ្ញាត ឲ្យមានការនាំចេញវ៉ាក់សាំងបង្ការ COVID-19 ទៅកាន់អន្តរជាតិឡើងវិញខាងលើនេះ ត្រូវបានបង្ហើបដោយ រដ្ឋមន្ត្រីសុខាភិបាលសហព័ន្ធឥណ្ឌា លោក ម៉ាន់ស៊ុក ម៉ាន់ដាវីយ៉ា (Mansukh Mandaviya) កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ កំលុងពេលដែលលោកធ្វើការឆ្លើយឆ្លង ជាមួយក្រុមអ្នកសារព័ត៌មាន។

លោក Mansukh Mandaviya បានប្រាប់ឲ្យដឹងទៀតថា ប្រទេសឥណ្ឌាគ្រោងផលិតវ៉ាក់សាំងឲ្យបានចំនួន ៣០០លានដូស នៅក្នុងខែតុលាខាងមុខនេះ ដោយផ្តោតសំខាន់លើការផ្គត់ផ្គង់នៅក្នុងស្រុកជាមុន រួចទើបវ៉ាក់សាំងដែលនៅសល់ នឹងត្រូវចាត់ចែងនាំចេញទៅប្រទេសដទៃទៀត។ គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ឥណ្ឌាបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៨០៥លានដូស ក្នុងនោះប្រជាជន ២០៣លាននាក់ (១៤.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕