(វ៉ាស៉ីនតោន)៖ សេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសថា សហរដ្ឋអាមេរិកនឹងបើកទ្វារស្វាគមន៍ឡើងវិញ ចំពោះអ្នកដំណើរតាមផ្លូវអាកាស មកពីប្រទេសចំនួន៣៣ រួមមានចិន ឥណ្ឌា ប្រេស៊ីល និងប្រទេសអឺរ៉ុបភាគច្រើន ដែលបានទទួលការចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ ខណៈវាជាការបន្ធូរបន្ធយវិធានការឹតត្បឹត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឹ COVID-19 ដែលត្រូវបានដាក់ចេញ កាលពីដើមឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១។

ការសម្រេចចិត្តខាងលើ ដែលប្រកាសដោយមន្រ្តីសម្របសម្រួលការឆ្លើយតបវិបត្តិជំងឺ COVID-19 របស់សេតវិមាន លោក ចេហ្វ ហ៊្សានស៍ (Jeff Zients) បានកត់សម្គាល់ពីការប្រែក្រឡាស់ភ្លាមៗ នៃរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ដែលបាននិយាយកាលពីសប្តាហ៍មុនថា វាមិនមែនជាពេលវេលាសមស្រប ក្នុងការដកចេញនូវវិធានការរឹតត្បឹតណាមួយ ចំពេលដែលករណីឆ្លងជំងឺរាតត្បាតដ៏កាចសាហាវនេះ កំពុងកើនឡើងនោះទេ។

សហរដ្ឋអាមេរិក បានដើរយឺតយ៉ាវជាងបណ្ដាប្រទេសជាច្រើនទៀត ក្នុងការដកចេញនូវវិធានការរឹតត្បឹតបែបនេះ ប៉ុន្តែទោះជាយ៉ាងណា សម្ពន្ធមិត្តបានស្វាគមន៍យ៉ាងខ្លាំង ចំពោះការសម្រេចចិត្តនេះ។ វិធានការរឹតត្បឹតរបស់សហរដ្ឋអាមេរិក បានរារាំងអ្នកដំណើរមកពីបណ្ដាប្រទេសភាគច្រើន នៃពិភពលោក រួមទាំងជនជាតិបរទេសរាប់ម៉ឺន រាប់សែននាក់ ដែលមានសាច់ញាតិ ឬទំនាក់ទំនងអាជីវកម្ម នៅសហរដ្ឋអាមេរិកផងដែរ។

សហរដ្ឋអាមេរិក នឹងអនុញ្ញាតឱ្យអ្នកដំណើរតាមអាកាស ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ មកពីប្រទេសចំនួន២៦ ដែលស្ថិតនៅក្នុងតំបន់ឆេងហ្គិន (Schengen) នៅអឺរ៉ុប រួមមានបារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ស្វីស និងក្រិក ព្រមទាំងចក្រភពអង់គ្លេស អៀរឡង់ ចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង អ៊ីរ៉ង់ និងប្រេស៊ីល ចូលមកកាន់ប្រទេសរបស់ខ្លួនវិញ នៅខែវិច្ឆិកាខាងមុខនេះ។ វិធានការរឹតត្បឹតរបស់សហរដ្ឋអាមេរិក ដែលមិនធ្លាប់មានពីមុនមកនោះ បានរារាំងពលរដ្ឋមិនមែនជាជនជាតិអាមេរិក ដែលស្ថិតនៅក្នុងប្រទេសទាំងនោះ ក្នុងរយៈពេល១៤ថ្ងៃចុងក្រោយ មិនឲ្យចូលមកកាន់ប្រទេសរបស់ខ្លួន ។

គួរបញ្ជាក់ថា វិធានការរឹតត្បិតលើពលរដ្ឋដែលមិនមែនជាជនជាតិអាមេរិក ត្រូវបានដាក់ចេញជាលើកដំបូង លើអ្នកដំណើរតាមអាកាសមកពីប្រទេសចិន កាលពីខែមករា ឆ្នាំ២០២០កន្លងទៅនេះ ដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយបន្ទាប់មកវាត្រូវបានពង្រីកដល់បណ្ដាប្រទេសរាប់សិបផ្សេងទៀត ដោយគ្មានស្តង់ដាវាយតម្លៃ ថា តើត្រូវដកចេញនៅពេលណា ឬដោយរបៀបណានោះទេ៕