(តូក្យូ)៖ នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលជប៉ុនបានសម្រេចថា នឹងកោះប្រជុំវិសាមញ្ញមួយនៅក្នុងសភា នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ ដើម្បីកំណត់ជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី មុនការបោះឆ្នោតសកល ដែលអាចកើតមានឡើង នៅខែវិច្ឆិកា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១។

យ៉ាងណាមិញ ការបោះឆ្នោតជ្រើសរើសប្រធានគណបក្សកាន់អំណាច «ប្រជាធិបតេយ្យ (LDP)» របស់ជប៉ុន ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ត្រូវគេរំពឹងថា នឹងកំណត់រួចជាស្រេចនូវ បុគ្គលដែលត្រូវក្លាយជានាយករដ្ឋមន្រ្តី បន្តពីនាយករដ្ឋមន្រ្តីចាំផ្ទះ លោក យ៉ូស៉ីហីដេ ស៊ូហ្កា ដែលត្រូវលាលែងពីតំណែង នៅចុងខែនេះ ដោយសារគណបក្ស LDP គឺជាបក្សដែលគ្រប់គ្រងសំឡេងភាគច្រើន ក្នុងរដ្ឋសភាជប៉ុន។

បុគ្គលទាំង៤រូប ដែលបានប្រកាសពីការចូលរួមប្រកួតប្រជែងយក តំណែងប្រធានគណបក្សជប៉ុន LDP រួមមានអតីតរដ្ឋមន្រ្តីការបរទេស លោក ហ៊្វូមីអុ គីស៉ីដា (Fumio Kishida), អតីតរដ្ឋមន្រ្តីមហាផ្ទៃ លោកស្រី សាណេ តាកៃឈិ (Sanae Takaichi), រដ្ឋមន្រ្តីវ៉ាក់សាំង លោក តារ៉ូ កាណូ (Taro Kano) និងអតីតរដ្ឋមន្រ្តីមហាផ្ទៃលោកស្រី សីកុ ណូដា (Seiko Noda)។

គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតសកលនៅប្រទេសជប៉ុន គឺអាចនឹងរៀបចំឡើងនៅថ្ងៃទី០៧ ឬថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១៕