(ប៉េកាំង)៖ «ឱបគ្នាយ៉ាងស្អិតល្មួតដូចគ្រាប់ផ្លែទទឹម» នេះជាការប្រៀបធៀបអំពីសាមគ្គីភាពជនជាតិរបស់លោក Xi Jinping មេដឹកនាំកំពូលរបស់ប្រទេសចិន ដែលត្រូវបានជនជាតិចិនដឹងឮ ជាទូទៅក្នុងប្រទេសចិន។

លោក Xi Jinping បានទៅពិនិត្យការងារនៅតំបន់ជនជាតិជាច្រើនលើក បន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ មក ក្នុងឆ្នាំ២០២១នេះ លោកបានទៅដល់ខេត្ត Guizhou ភូមិភាគស្វយ័ត Guangxi ខេត្ត Qinghai ភូមិភាគស្វយ័ត Xizangជាដើម ដោយបានសង្កត់ធ្ងន់ថា ជនជាតិទាំង ៥៦ របស់ប្រទេសចិនជាមហាគ្រួសារប្រជាជាតិចិន ឱ្យតែយើងទាំងអស់គ្នារួមចិត្តថ្លើម គ្រប់ជនជាតិរួមសាមគ្គីគ្នា ដើរតាមការដឹកនាំរបស់បក្សកុម្មុយនិស្ត ហើយប្រកាន់ខ្ជាប់មាគ៌ាសង្គមនិយម ដែលប្រកបដោយលក្ខណៈពិសេសចិន នោះយើងមុខជាអាចសម្រេចតាមពេលកំណត់នូវ គោលដៅស្តារភាពរុងរឿងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញជាមិនខាន។

កាលពីថ្ងៃទី៨ ខែមិនុថា ឆ្នាំ២០២១ ពេលចុះទៅត្រួតពិនិត្យការងារនៅខេត្ត Qinghai លោក Xi Jinping បានពន្យល់ពីប្រភពនៃការប្រើពាក្យ «គ្រាប់ផ្លែទទឹម» មកប្រៀបធៀបការសាមគ្គីថា បងប្អូនជនជាតិវេវូអឺបានប្រាប់ថា យើងត្រូវឱបគ្នាយ៉ាងស្អិតល្មួតដូចគ្រាប់ផ្លែទទឹម នេះជាការប្រៀបធៀបដ៏រស់រវើកណាស់ គ្រប់ជនជាតិត្រូវឱបគ្នាយ៉ាងស្អិតល្មួតដូចគ្រាប់ផ្លែទទឹម ព្រោះយើងសុទ្ធតែជាចំណែកមួយ នៃសហគមន៍ប្រជាជាតិចិន។

ក្រៅពីគ្រាប់ផ្លែទទឹម លោក Xi Jinping ក៏ធ្លាប់ប្រើពាក្យដើម Huyang កែវភ្នែក ជីវិតជាដើម មកប្រៀបធៀបពីសាមគ្គីភាពជនជាតិផងដែរ។

កាលពីខែមិនុថា ឆ្នាំ២០០៩ លោក Xi Jinping បានទៅពិនិត្យការងារនៅភូមិ Daxi ស្រុក Yuli ភូមិភាគស្វយ័ត Xinjiang។ កាលពីខែកញ្ញាឆ្នាំ២០១៤ លោកបានតបសំបុត្ររបស់អ្នកភូមិ Daxi ដោយបានលើកឡើងថា៖ «ខ្ញុំបានទទួលសំបុត្រដែលបងប្អូនបានផ្ញើឱ្យខ្ញុំហើយ ខ្ញុំមានក្តីសប្បាយរីករាយណាស់។ កាលពី ៥ ឆ្នាំមុន ខ្ញុំបានទៅដល់ភូមិរបស់បងប្អូន បានជួបសំណេះសំណាល ជាមួយបងប្អូនអ្នកភូមិដោយសប្បាយរីករាយ ហើយខ្ញុំក៏តាមដានជីវភាពរបស់អ្នកទាំងអស់គ្នាជាប់រហូតដែរ។ បានដឹងថាប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងភូមិមានការប្រែប្រួលថ្មីជាច្រើន ប្រជាជនគ្រប់ជនជាតិតភ្ជាប់ដួងចិត្តគ្នាដូចដើម Huyang ក្នុងវាលខ្សាច់ ដែលមានឬសតភ្ជាប់គ្នា ជីវភាពកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំមានទឹកចិត្តសប្បាយរីករាយណាស់»

កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ទីក្រុង Huzhou ខេត្ត Zhejiang ដែលស្ថិតនៅភាគខាងកើតរបស់ប្រទេសចិន និងស្រុក Keping ភូមិភាគស្វយ័ត Xinjiang ដែលស្ថិតនៅភាគខាងលិចរបស់ប្រទេសចិន បានសហរៀបចំសកម្មភាពយុវជនឈ្មោះ «គ្រាប់ផ្លែទទឹម» យុវជននៅតំបន់ទាំងពីរនេះ លេងល្បែងកម្សាន្តជាមួយគ្នាដោយសប្បាយរីករាយ៕