(ម៉ូស្គូ)៖ និស្សិតម្នាក់បានបើកការបាញ់ប្រហារ នៅក្នុងសាកលវិទ្យាល័យមួយ ស្ថិតនៅទីក្រុង ផឺម (Perm) នៃប្រទេសរុស្ស៊ី ដោយបានបណ្តាលឲ្យមនុស្សសរុប ៨នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស នៅថ្ងៃចន្ទនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១។

បើតាមលោកស្រី ណាតាលៀ ផេឃីសឆេវ៉ា (Natalia Pechishcheva) អ្នកនាំពាក្យនៃសាកលវិទ្យាល័យកើតហេតុខាងលើនេះ និស្សិតជាខ្មាន់កាំភ្លើងម្នាក់នោះ បានបាញ់សម្លាប់់ខ្លួនបាត់ទៅហើយ ក្រោយពីបានបើកការបាញ់រះ ហើយរូបគេទំនងជាមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ទីក្រុង Perm ស្ថិតនៅចម្ងាយ ១,៣០០គីឡូម៉ែត្រ ខាងកើតរដ្ឋធានីម៉ូស្គូ។ រូបភាពតាមបណ្តាញសង្គម និងសារព័ត៌មាននានា បានបង្ហាញឲ្យឃើញនិស្សិតមួយចំនួន ព្យាយាមតោងឡើងតាមបង្អួច និងលោតចុះពីថ្នាក់រៀនរបស់ពួកគេ ដែលស្ថិតនៅជាន់លើនៃអគារ ដើម្បីគេចចេញពីហេតុការណ៍ ដ៏គួរឲ្យតក់ស្លុតខាងលើនេះ។

អ្នកឃើញហេតុការណ៍បានប្រាប់អាជ្ញាធរឲ្យដឹងថា សិស្សនៅក្នុងសាលារៀនបាននាំគ្នា យកតុ និងកៅអីធ្វើជារនាំង ដើម្បីទប់ស្កាត់មិនឲ្យនិស្សិតខ្មាន់កាំភ្លើងរូបនោះ ចូលក្នុងបន្ទប់រៀនរបស់ពួកគេបាន។

គួរបញ្ជាក់ថា និស្សិតខ្មាន់កាំភ្លើងខាងលើនេះ គឺជាយុវជនវ័យ ១៨ឆ្នាំ ដែលមុនពេលបង្កហេតុត្រូវបានគេរាយការណ៍ថា បានឃើញជនរូបនេះ បង្ហោះរូបថតខ្លួនឯងនៅលើបណ្តាញសង្គម ដោយមានកាន់កាំភ្លើង ពាក់មួកសុវត្ថិភាព និងស្ពាយគ្រាប់កាំភ្លើងផងដែរ។ បើតាមការសន្និដ្ឋានដំណាក់កាលដំបូង ករណីបាញ់ប្រហារក្នុងថ្នាក់រៀននេះ គឺអាចបណ្តាលមកពីការស្អប់។ អាជ្ញាធររុស្ស៊ីកំពុងបន្តការស៊ើបអង្កេតទៅលើករណីនេះ៕