(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម នៅថ្ងៃអាទិត្យម្សិលមិញនេះបានប្រកាសថា ទីក្រុងហាណូយ (Hanoi) នៃប្រទេសវៀតណាម នឹងបន្ធូរបន្ថយវិធានការរឹតត្បិត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 បន្ថែមទៀត ចាប់ពីសប្តាហ៍នេះតទៅ ខណៈករណីឆ្លងថ្មីៗបានធ្លាក់ចុះ ហើយប្រជាជនពេញវ័យភាគច្រើន បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោច១ដូស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១។

បើតាមរដ្ឋាភិបាលរៀតណាម ចាប់ពីថ្ងៃពុធសប្ដាហ៍នេះតទៅ គម្រោងសាងសង់ភាគច្រើនអាចចាប់ផ្តើមដំណើរការឡើងវិញបាន ដោយការបន្ធូរបន្ថយវិធានការរឹតត្បឹតបន្ថែមទៀត នឹងកើតមានជាបន្តបន្ទាប់ ខណៈករណីឆ្លងថ្មីៗ បានធ្លាក់ចុះមកត្រឹម ២០ករណីប៉ុណ្ណោះក្នុងមួយថ្ងៃ។

អនុប្រធានគណៈកម្មាធិការប្រជាជនរបស់ទីក្រុងហាណូយ លោក Duong Duc Tuan បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា រហូតមកដល់ពេលនេះ ប្រមាណ ៩៤ភាគរយហើយនៃប្រជាជនពេញវ័យសរុបជាង ៥.៧៥លាននាក់ នៅទីក្រុងហាណូយ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់ ០១ដូសរួចរាល់ ជាមួយគោលដៅសម្រេចការចាក់វ៉ាក់សាំងដូសទី២ ឲ្យបាននៅចុងខែវិច្ឆិកាខាងមុខ។ លោក Duong Duc Tuan បាននិយាយបន្ថែមថា «យើងមិនអាចរក្សាវិធានការគម្លាតសុវត្ថិភាពសង្គម ដោយគ្មានដែនកំណត់ឡើយ»

គួរបញ្ជាក់ថា ទីក្រុងហាណូយ ហាក់បានគេចផុតពីរលករឆ្លងរីករាលដាលដ៏ធ្ងន់ធ្ងរ នៃជំងឺ COVID-19 នៅប្រទេសវៀតណាម ដែលបានចាប់តាំងពីចុងខែមេសា ឆ្នាំ២០២១ មកម៉្លេះ ជាមួយចំនួនអ្នកស្លាប់តិចជាង ៥០នាក់ ក្នុងចំណោមអ្នកស្លាប់សរុបជាង ១៧,០០០នាក់ នៅទូទាំងប្រទេស ហើយទីក្រុងនេះបានកត់ត្រានូវចំនួនអ្នកឆ្លងតែជាង ៤,០០០នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកឆ្លងសរុបជាង ៦៨៧,០០០នាក់នៅទូទាំងប្រទេស៕