(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានចេញមុខបន្ធូរបន្ថយកម្តៅការទូត ជាមួយនឹងប្រទេសបារាំង ជុំវិញកិច្ចសន្យាជួយអូស្ត្រាលី ផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដោយលោកបានអះអាងថា «ក្តីស្រលាញ់របស់អង់គ្លេសចំពោះបារាំង គឺមិនអាចកាត់ថ្លៃបានឡើយ»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១។

លោក Boris Johnson បានថ្លែងដូចខាងលើនេះ នៅអំលុងលោករៀបចំចេញដំណើរ ទៅកាន់ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា (ពេលវេលានៅទីក្រុងឡុងដ៍)។ នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បានថ្លែងក្នុងន័យបន្សាបជម្លោះ រវាងសម្ពន្ធមិត្តយ៉ាងដូច្នេះថា «ចក្រភពអង់គ្លេស និងប្រទេសបារាំង មានទំនាក់ទំនងមិត្តភាពដ៏ប្រសើរបំផុត ហើយវាពិតជាមានសារៈសំខាន់ដ៏ធំមហិមា»។

លោក Johnson ក៏បានពន្យល់ផងដែរថា «ការបង្កើតកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី A-UK-US មិនមែនដើម្បីឲ្យភាគីណាមួយ ជាអ្នកទទួលបានផលចំណេញតែឯងនោះឡើយ ហើយវាក៏មិនមែនជាអ្វី ដែលត្រូវឲ្យនរណាម្នាក់បង្ហាញក្តីព្រួយបារម្ភនោះដែរ រួមទាំងមិត្តៗបារាំងរបស់យើង»

គួរបញ្ជាក់ថា ក្រៅពីបានហៅទង្វើសហរដ្ឋអាមេរិកថាជាការ «លួចចាក់ពីក្រោយខ្នង» ប្រទេសបារាំងកាលពីសប្តាហ៍មុននេះ ក៏បានដាក់រហស្សនាមឲ្យទីក្រុងឡុងដ៍ផងដែរថា «អ្នកចាំបន្ទរ» ឬ «អ្នកឱកាសនិយម» ដែលបានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការជួយអូស្ត្រាលីផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ។

កាលពីសប្តាហ៍មុនដដែល ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង ក៏បានសម្រេចកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកង់បេរ៉ាឲ្យត្រលប់មកវិញផងដែរ ជាការឆ្លើយតបនឹងការលុបចោល កិច្ចព្រមព្រៀងទិញនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ដែលបាននាំឲ្យបារាំងខាតបង់ ៤០ពាន់លានដុល្លារអាមេរិក៕