(ប៉េកាំង)៖ ទិន្នន័យផ្លូវការពីអាជ្ញាធរសុខាភិបាលចិនបានបង្ហាញថា គិតត្រឹមចុងសប្តាហ៍មុន ចំនួនប្រជាជនចិនដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ២ដូស) បានកើនឡើងដល់ ១.១ពាន់លាននាក់ហើយ ដែលស្មើនឹង ៧៨ភាគរយនៃប្រជាជនសរុបជាង ១,៤០០លាននាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១។

បើតាមគណៈកម្មការសុខភាពជាតិចិន វ៉ាក់សាំងសរុបជាង ២.១៧ពាន់លានដូស ត្រូវបានផ្ដល់ការចាក់ជូនប្រជាជននៅទូទាំងប្រទេសចិន។ ជុំវិញទិន្នន័យនេះ កាសែត New York Times របស់សហរដ្ឋអាមេរិក បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា ប្រទេសចិនបានបង្កើត «ព្រឹត្តិការណ៍ដ៏សំខាន់មួយ» ដែលនាំឱ្យវាខិតទៅជិតគោលដៅ នៃការចាក់វ៉ាក់សាំងប្រជាជនប្រមាណ ៨០ភាគរយនៅចុងឆ្នាំ២០២១នេះ ដែលវាគឺជាសមិទ្ធផលដ៏សំខាន់មួយ»

គួរបញ្ជាក់ថា ភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ បានជួយប្រទេសចិននាំមុខគេ ក្នុងចំណោមបណ្តាមហាអំណាចសេដ្ឋកិច្ចពិភពលោក។ សម្រាប់សហរដ្ឋអាមេរិក និងជប៉ុន គឺប្រជាជនទើបជាងពាក់កណ្តាលប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ខណៈអត្រាចាក់វ៉ាក់សាំង នៅចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំងគឺកើនឡើងលើស ៦០ភាគរយហើយ៕