(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣២,៧៣១នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣១១នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤២,៩០០,៩០៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៩១,៨៨០នាក់ និងជាសះស្បើយឡើងសរុប ៣២.៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បាននិយាយថា ទិន្នន័យដែលចាំបាច់ដើម្បីកំណត់ថា តើគួរឬមិនគួរចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Moderna និង Johnson & Johnson ដែរឬក៏យ៉ាងណានោះ នឹងត្រូវបញ្ចេញ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៨៥លានដូស ក្នុងនោះប្រជាជន ២១១.៤៩លាននាក់ (៦៤.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៨១.០៣លាននាក់ (៥៥.២%) បានទទួលការចាក់គ្រប់ដូស៕