(ហ្សាការតា)៖ កម្លាំងសន្តិសុខឥណ្ឌូណេស៊ី បានសម្លាប់មេដឹកនាំម្នាក់របស់ក្រុមសកម្មប្រយុទ្ធ មូចាហ៊ីឌីនឥណ្ឌូណេស៊ីខាងកើត (East Indonesia Mujahideen ឬហៅកាត់ថា MIT) ដែលមានទំនាក់ទំនងជាមួយពួក ISIS។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអាទិត្យនេះ ប៉ូលិសឥណ្ឌូណេស៊ីបានឱ្យដឹងថាមេដឹកនាំចលនា MIT ឈ្មោះ អាលី កាឡូរ៉ា (Ali Kalora) ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការរួមគ្នាមួយរវាងប៉ូលិស និងយោធាឥណ្ឌូណេស៊ី នៅពេលរូបគេបាញ់តដៃជាមួយប៉ូលិសកាលពីថ្ងៃសៅរ៍ម្សិលមិញ នៅឯភូមិមួយស្ថិតលើកោះ Sulawesi។

គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើ ប៉ូលិសឥណ្ឌូណេស៊ី ក៏បានបាញ់សម្លាប់សកម្មប្រយុទ្ធម្នាក់ទៀតឈ្មោះ ចាកា រ៉ាម៉ាដហាន់ (Jaka Ramadhan) ផងដែរ ខណៈសមាជិក MIT ចំនួន៤នាក់ កំពុងស្ថិតនៅក្រោមការតាមចាប់ខ្លួនរបស់ប៉ូលិស៕