(មែលប៊ន)៖ អូស្ត្រាលីនៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ១,៦០៧នាក់ ខណៈបណ្ដារដ្ឋ និងដែនដី ជាច្រើនចាប់ផ្ដើមរៀនរស់នៅជាមួយជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមអាជ្ញាធរសុខាភិបាលអូស្ត្រាលី រដ្ឋ Victoria បានរកឃើញអ្នកឆ្លង COVID-19 បំបែកកំណត់ត្រាថ្មីមួយដល់ទៅ ៥០៧នាក់។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ប្រមុខ រដ្ឋាភិបាលនៃរដ្ឋ Victoria បាននិយាយថាវិធានការបិទខ្ទប់នឹងត្រូវបិទបញ្ចប់នៅពេលដែលប្រជាជនអូស្ត្រាលី ៧០ភាគរយ ដែលមានអាយុ ១៦ឆ្នាំឡើងទៅបានទទួល ការចាក់វ៉ាក់សាំងបង្ការ COVID-19 គ្រប់ដូស បើទោះជាដល់ពេលនោះមានករណីឆ្លងថ្មី ឬមិនមានក៏ដោយ។

គួរបញ្ជាក់ថា ប្រឈមមុខនឹងបាតុកម្មតវ៉ាប្រឆាំងវិធានការបិទខ្ទប់ រដ្ឋាភិបាលអូស្ត្រាលី ជាពិសេសអាជ្ញាធរក្នុងរដ្ឋ New South Wales បានចាប់ផ្ដើមបន្ធូរបន្ថយ វិធានការរឹតត្បិតលើការជួបជុំគ្នា នៅថ្ងៃអាទិត្យនេះ ខណៈប្រជាជនក្នុងរដ្ឋមួយនេះ ៥២ភាគរយបានចាក់វ៉ាក់សាំងគ្រប់ដូស។ បើតាមគេហទំព័រ worldometer អូស្ត្រាលីបច្ចប្បន្នមានឆ្លង COVID-19 សរុប ៨៥,៦៤៨នាក់ ក្នុងនោះស្លាប់ ១,១៦២នាក់ និងជាសះស្បើយឡើងវិញ ៦៣,៣៧៨នាក់៕