(វៀងច័ន្ទ)៖ រដ្ឋាភិបាលឡាវបានសម្រេចចិត្តដាក់ចេញបម្រាមហាមឃាត់ការធ្វើដំណើរទៅ និងមករដ្ឋធានីវៀងច័ន្ទ និងនៅក្នុងស្រុកចំនួនធំៗចំនួនបួននៃរដ្ឋធានីមួយ នេះ ចាប់ពីថ្ងៃអាទិត្យនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ស្រុកធំៗទាំង៤ខាងលើដែលត្រូវបានហាមឃាត់ មានដូចជាស្រុក Chanthaboury, Sisattanak, Sikhottabong និងស្រុក Xaysettha ខណៈការធ្វើដំណើរ ទៅកាន់តំបន់មួយចំនួនដែលត្រូវបានកំណត់នៅក្នុងស្រុកចំនួន៣ផ្សេងទៀតរួមមានស្រុក Xaythany, Hadxayfong និងស្រុក Naxaythong ក៏ត្រូវដាក់ឱ្យនៅក្រោម ការហាមឃាត់ការធ្វើដំណើរផងដែរ។

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលឡាវ កើតមានឡើងបន្ទាប់ពីករណីឆ្លង COVID-19 នៅក្នុងរដ្ឋធានីវៀងច័ន្ទបានកើតឡើងគួរឱ្យព្រួយបារម្ភ ដោយកាលពី ថ្ងៃសៅរ៍ អ្នកឆ្លង ២៦៥នាក់ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋធានីវៀងច័ន្ទ។ បច្ចុប្បន្ន ឡាវមានអ្នកឆ្លង COVID-19 សរុប ១៨,៨១៤នាក់ ក្នុងនោះស្លាប់ ១៦នាក់ និងជាសះស្បើយឡើងវិញ ៥,៥៦៨នាក់៕