(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានគេរាយការណ៍ថាមានផែនការបណ្ដេញជនអន្តោប្រវេសន៍រាប់ពាន់នាក់ដែលបានធ្វើដំណើរ មកដល់ទីក្រុង Del Rio នៃរដ្ឋតិចសាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១។

ជនអន្ដោប្រវេសន៍ដែលភាគច្រើនជាជនជាតិហៃទី កំពុងជាប់ឃុំបណ្ដោះអាសន្ននៅឯតំបន់មួយគ្រប់គ្រងអាជ្ញាធរគយ និងការពារព្រំដែនរបស់សហរដ្ឋអាមេរិក ហើយ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ជនភៀសខ្លួន ១៤,០០០នាក់ ក្នុងនោះភាគច្រើនជាជនជាតិហៃទីកំពុងស្ថិតនៅជុំវិញ និងនៅក្រោមស្ពាន Del Rio International Bridge ដែលតភ្ជាប់តំបន់ព្រំដែនរវាងអាមេរិក និងម៉ិកស៊ីកូ។

បន្ថែមពីលើនេះ ក្នុងចំណោមជនអន្តោប្រវេសន៍ខាងលើ មានប្រមាណ ២,០០០នាក់ត្រូវបានបញ្ជូនចេញពីទីក្រុង Del Rio ទៅកាន់តំបន់ដទៃទៀត ដើម្បីឆ្លងកាត់ ដំណើរការត្រួតពិនិត្យ ព្រមទាំងអាចត្រូវបណ្ដេញចេញពីសហរដ្ឋអាមេរិក៕