(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៤,៥៥៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨៤៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤២,៨៦៦,៨០៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៩១,៥៦២នាក់ និងជាសះស្បើយឡើងសរុប ៣២.៤៨លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ទង់ពណ៌សសរុបជិត ៧០០,០០០សន្លឹក ត្រូវបានដោតនៅឯទីលានជាតិ National Mall ក្នុងរដ្ឋធានីវ៉ាស៊ីនតោន D.C. ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធមនុស្សទាំងអស់ ដែលបានបាត់បង់ជីវិតដោយសារជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក គិតចាប់តាំងពីការផ្ទុះជំងឺនេះដំបូង នៅអំលុងដើមឆ្នាំ២០២០។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៨៤លានដូស ក្នុងនោះប្រជាជន ២១១.១លាននាក់ (៦៤.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៨០.៥៧លាននាក់ (៥៥%) បានទទួលការចាក់គ្រប់ដូស៕