(ប៉េកាំង)៖ យោធាចិននៅថ្ងៃសៅរ៍នេះ បានចេញមុខរិះគន់សាជាថ្មីថា សហរដ្ឋអាមេរិកគឺជាមេបំផ្លាញសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន ទើបតែបញ្ជូននាវាចម្បាំងមួយគ្រឿង ឲ្យធ្វើដំណើរឆ្លងកាត់ច្រកសម្រុទ្រតៃវ៉ាន់ ដែលជាផ្លួវទឹកនៅចន្លោះប្រទេសចិន និងកោះតៃវ៉ាន់ ខណៈដែនកោះនេះ ត្រូវចិនចាត់ទុកត្រឹមជា ខេត្តមួយប៉ុណ្ណោះរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១។

អ្នកនាំពាក្យយោធាចិន លោក ស្ស៉ី យី (Shi Yi) បានថ្លែងយ៉ាងដូច្នេះថា «សកម្មភាពបង្កហេតុជាដដែលៗរបៀបនេះ គឺជាតឹកតាងគ្រប់គ្រាន់ ដែលបង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិកពិតជាមេបំផ្លាញសន្តិភាពនិងស្ថិរភាព នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយជាមេភ្លើង ដែលបង្កហានិភ័យផ្នែកសន្តិសុខ នៅក្នុងតំបន់នេះ»។ បើតាមលោក ស្ស៉ី ក្រោយការចល័តនាវាចម្បាំងរបស់អាមេរិក យោធាចិនក៏បានរៀបចំការធ្វើសមយុទ្ធមួយភ្លាមៗ នៅលើផ្ទៃអាកាសនិងផ្ទៃទឹក នៅភាគនិរតីកោះតៃវ៉ាន់។

គួរបញ្ជាក់ថា ការចេញមុខប្រតិកម្មរបស់ទីក្រុងប៉េកាំង បានកើតមានឡើង បន្ទាប់ពីនាវាចម្បាំងអាមេរិក យូអេសអេស ប៊ែររី (USS Barry) បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រោមបេសកកម្មដែលយោធាអាមេរិក អះអាងថាធ្វើឡើងស្របទៅតាមច្បាប់អន្តរជាតិ៕