(ហ្សាការតា)៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានរំលឹកប្រទេសជិតខាងរបស់ខ្លួន គឺប្រទេសអូស្ត្រាលី អំពីកាតព្វកិច្ចក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ បន្ទាប់ពីប្រទេសនេះបានប្រកាសការសម្រេចចិត្ត បំពាក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី «A-UK-US» ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយ នៅលើគេហទំព័ររបស់ក្រសួងការបរទេសឥណ្ឌូណេស៉ី កាលពីថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានធ្វើការកត់សម្គាល់ ដោយការប្រុងប្រយ័ត្នបំផុត ចំពោះការសម្រេចចិត្តរបស់ប្រទេសអូស្ត្រាលី ក្នុងការបំពាក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

សេចក្តីថ្លែងការណ៍នោះបានគូសបញ្ជាក់ថា «ប្រទេសឥណ្ឌូណេស៊ី មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តរត់ប្រណាំងសព្វាវុធ និងតុល្យភាពអំណាចនៅក្នុងតំបន់»។ ប្រទេសអាស៊ីអាគ្នេយ៍ដ៏ធំបំផុតមួយនេះ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការប្តេជ្ញាចិត្តរបស់ប្រទេសអូស្ត្រាលី ក្នុងការបន្តបំពេញកាតព្វកិច្ចតាមការប្តេជ្ញាចិត្ត ដែលមិនឲ្យមានការរីកសាយភាយ អាវុធនុយក្លេអ៊ែររបស់ខ្លួននោះផងដែរ។

ប្រទេសនៅប្រជុំកោះនេះ បានលើកទឹកចិត្តប្រទេសអូស្ត្រាលី និងភាគីផ្សេងទៀតដែលពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសន្ទនា ក្នុងការដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី។ សេចក្តីថ្លែងការណ៍ដដែល បាននិយាយបន្ថែមថា «ក្នុងន័យនេះ ប្រទេសឥណ្ឌូណេស៊ី បានគូសបញ្ជាក់ពីការគោរពច្បាប់អន្តរជាតិ រួមទាំងច្បាប់សមុទ្រ (UNCLOS 1982) ក្នុងការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ផងដែរ»

គួរបញ្ជាក់ថា ប្រតិកម្មខ្លាំងៗបានកើតមានឡើងជាច្រើនរួចមកហើយ និងស្ថិតក្នុងទម្រង់ខុសៗគ្នា ជុំវិញការបង្កើតសម្ព័ន្ធភាពសន្តិសុខត្រីភាគី «A-UK-US» និងការចែករំលែកបច្ចេកវិទ្យាផលិត នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ពីសំណាក់អាមេរិក និងអង់គ្លេសទៅដល់អូស្ត្រាលី។

ប្រទេសចិនបានថ្កោលទោស និងចាត់ទុកទង្វើនេះថា «ជាភាពមិនទទួលខុសត្រូវខ្លាំងបំផុត ចំពោះសន្តិសុខក្នុងតំបន់» ខណៈបារាំងវិញបានបង្ហាញភាពខឹងសម្បារ ព្រោះកិច្ចព្រមព្រៀងរវាងប្រទេសបីខាងលើនេះ បានធ្វើឲ្យខ្លួនខាតបង់ ៤០ពាន់លានដុល្លារអាមេរិក ដោយសារកិច្ចសសន្យាទិញនាវាមុជទឹក-នុយក្លេអ៊ែរ ជាមួយអូស្ត្រាលីត្រូវបានជាន់ពន្លិច៕