(មែលប៊ន)៖ ប្រទេសអូស្រ្តាលី នៅថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះបានរាយការណ៍ពី ការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៨៨២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈក្រុមមន្រ្តីប៉ូលីសរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុងស៊ីដនី (Sydney) រដ្ឋញូសោតវែលស៍ (New South Wales ឬ NSW) និងទីក្រុងមែលប៊ន (Melbourne) រដ្ឋវិចតូរៀ (Victoria) ដើម្បីទប់ទល់នឹងការធ្វើបាតុកម្មតវ៉ាប្រឆាំងវិធានការបិទខ្ទប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ១,៣៣១ករណី ត្រូវបានរកឃើញនៅក្នុងរដ្ឋ New South Wales ខណៈ ៥៣៥ករណីទៀត ត្រូវបានរកឃើញនៅក្នុងរដ្ឋ Victoria។ មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង Melboourne និងទីក្រុង Sydney។ នៅមុននោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ពីការចាប់ខ្លួន និងការប៉ះទង្គិចគ្នាជាមួយប៉ូលិស ខណៈក្រុមមន្រ្តីប៉ូលិសជាង ២,០០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីត្រួតពិនិត្យលើការធ្វើដំណើរ នៅតាមបណ្ដាញផ្លូវថ្នល់ ផ្លូវដែក និងកន្លែងសាធារណៈមួយចំនួនទៀត ហើយសម្បីតែការដឹកជញ្ជូនសាធារណៈ ចូលមកកាន់ទីក្រុង ក៏ត្រូវបានផ្អាកដំណើរការផងដែរ។

ប្រទេសអូស្រ្តាលី បាននិងកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន Delta ចាប់តាំងពីពាក់កណ្តាលខែមិថុនាមកម៉្លេះ ដោយទីក្រុង Sydney និង Melbourne ព្រមទាំងរដ្ឋធានីកង់បេរ៉ា (Canberra) បានស្ថិតនៅក្នុងវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសអូស្រ្តាលី បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៨៤,០៨៦ករណី ក្នុងនោះមានអ្នកស្លាប់ ១,១៤៨នាក់ និងអ្នកជាសះស្បើយ ៦១,៨៦៩នាក់៕