(ប៉េកាំង)៖ មជ្ឈមណ្ឌលឧតុនិយមជាតិចិននៅថ្ងៃសៅរ៍នេះ បានចេញការព្រមានកម្រិត «ពណ៌ខៀវ» ចំពោះព្យុះភ្លៀងនៅតំបន់ជាច្រើននៃប្រទេស ដោយអំពាវនាវឱ្យមានវិធានការការពារទុកជាមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១។

បើតាមមជ្ឈមណ្ឌលឧតុនិយមជាតិចិន ចាប់ពីម៉ោង ០៨៖០០នាទីព្រឹកថ្ងៃសៅរ៍ដល់ម៉ោង ០៨៖០០នាទីព្រឹកថ្ងៃអាទិត្យ តំបន់ខ្លះនៃខេត្តសានស៉ី (Shaanxi), សាន់ស៉ី (Shanxi), ហឺប៉ី (Hebei), សានទុង (Shandong), ហឺណាន (Henan), ហ៊ូប៉ី (Hubei), ស៉ីឈាន់ (Sichuan), ឆុងឈីង (Chongqing), គួយចូវ (Guizhou), និងយូណាន (Yunnan) ត្រូវបានរំពឹងទុកថា នឹងអាចមានភ្លៀងធ្លាក់ខ្លាំង ដោយកម្រិតទឹកភ្លៀងអាចកើនឡើងរហូតដល់ ១៤០មីល្លីម៉ែត្រ។ តំបន់ខ្លះអាចនឹងជួបប្រទះភ្លៀងធ្លាក់ ក្នុងមួយម៉ោងជាង ៦០មីល្លីម៉ែត្រ អមដោយព្យុះផ្គររន្ទះ និងខ្យល់បក់កន្ត្រាក់ផងដែរ។

ជុំវិញបញ្ហានេះ មជ្ឈមណ្ឌលឧតុនិយមជាតិចិនបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ឱ្យចាត់វិធានការសមស្រប ដើម្បីត្រៀមទប់ទល់នឹងព្យុះភ្លៀង ក៏ដូចជាដាក់កំហិតលើការធ្វើដំណើរប្រសិនបើចាំបាច់ និងជម្លៀសប្រជាជនចេញពីតំបន់ ដែលមានហានិភ័យខ្ពស់ផងដែរ។

គួរបញ្ជាក់ថា ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុ ដែលមានពណ៌កំណត់ចំនួនបួនកម្រិត ដោយពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់មកគឺពណ៌ទឹកក្រូច លឿង និងខៀវ ដែលមានកម្រិតស្រាលជាងគេ៕