(វ៉ាស៉ីនតោន)៖ ទីបំផុតយោធាសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានចេញមុខទទួលស្គាល់ថា ការវាយប្រហារដោយដ្រូនរបស់ខ្លួន កាលពីចុងខែសីហានៅឯទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្កានីស្ថាន គឺជាកំហុសដ៏សោកសៅមួយ ដែលបានផ្តាច់ជីវិតជនស៉ីវិល ១០នាក់ ក្នុងនោះរួមមានកុមារដល់ទៅ ៧នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១។

កន្លងមក មន្ទីរបញ្ចកោណអាមេរិកបានអះអាងថា ការវាយប្រហារដោយយន្តហោះដ្រូន កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ មានគោលដៅទៅលើ ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់របស់ក្រុមភេរវករ ISIS ដែលគ្រោងវាយប្រហារលើ ព្រលានយន្តហោះអន្តរជាតិទីក្រុងកាប៊ុល ជាទីដែលកងទ័ពអាមេរិក នាពេលនោះកំពុងដឹកនាំប្រតិបត្តិការជម្លៀសមនុស្ស។

ភ្លាមៗ ទោះបីជាមានសេចក្តីរាយការណ៍ អំពីជនស៉ីវិលបាត់បង់ជីវិតក៏ដោយ ក៏បណ្តាមេទ័ពអាមេរិកបានចេញមុខអះអាង ដោយក្តីជឿជាក់ថា ការវាយប្រហារដោយដ្រូនរបស់យោធាអាមេរិកលើកនោះ បានបញ្ចៀសការគំរាមកំហែងលើកងទ័ពខ្លួន និងប្រជាជននៅព្រលានយន្តហោះកាប៊ុល។ ពេលនោះដែរ ខាងយោធាអាមេរិកបានទទួលស្គាល់ទៀតថា ជនស៉ីវិលមួយចំនួន ទំនងជាបានស្លាប់ពិតមែន ប៉ុន្តែដោយសារការផ្ទុះដែលកើតមានជាបន្តបន្ទាប់ប៉ុណ្ណោះ មិនមែនដោយសារការបាញ់មីស៉ីល ចេញពីដ្រូនរបស់អាមេរិកផ្ទាល់នោះឡើយ។

យ៉ាងណាមិញ ឥឡូវនេះ អគ្គមេបញ្ជាការនៃបញ្ជាការដ្ឋានកណ្តាលរបស់យោធាអាមេរិក លោក ហ្វ្រេង ម៉ាកគែនហ្ស៊ី (Frank McKenzie) បានចេញមុខទទួលស្គាល់ហើយថា ការវាយប្រហារដោយយន្តហោះដ្រូននោះ គឺជាកំហុសឆ្គងទាំងស្រុង ក្រោយការស៉ើបអង្កេត និងវាយតម្លៃឡើងវិញត្រូវបានបញ្ចប់។ លោក McKenzie បាននិយាយថា ជនរងគ្រោះទាំងអស់មិនមែនជាសមាជិក ឬជាប់ពាក់ព័ន្ធនឹងក្រុម ISIS-K ឬមួយក៏បង្កការគំរាមកំហែងដល់កងទ័ពអាមេរិកឡើយ ដូច្នេះហើយលោកជាអ្នកទទួលខុសត្រូវទាំងស្រុង ចំពោះប្រតិបត្តិការនោះ រួមជាមួយលទ្ធផលដ៏សោកសៅរបស់វា។ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) ក៏បានចេញមុខសុំទោសចំពោះកំហុសដ៏ធំនេះដែរ។

គួរបញ្ជាក់ថា ការវាយប្រហារដោយភាន់ច្រឡំរបស់អាមេរិក បានកើតមានឡើងនៅប៉ុន្មានថ្ងៃ ក្រោយមានករណីបំផ្ទុះគ្រាប់បែកអត្តឃាត នៅព្រលានយន្តហោះកាប៊ុល ដែលបានសម្លាប់កងទ័ពអាមេរិក ១៣នាក់ ព្រមទាំងប្រជាជនអាហ្វហ្កានីស្ថានជាច្រើននាក់ទៀត ដែលជាហេតុធ្វើឲ្យយោធាអាមេរិក ស្ថិតក្នុងស្ថានភាពប្រុងជើងការខ្ពស់ ចំពោះមុខការព្រមានថា អាចមានការវាយប្រហារបន្ថែមទៀត នាពេលនោះទៅលើព្រលានយន្តហោះកាប៊ុល៕