(ប៉េកាំង)៖ ក្រោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលីបានប្រកាសពីការបង្កើត «សម្ព័ន្ធភាពយោធាត្រីភាគីថ្មីមួយ» មានឈ្មោះថា AUKUS (A-UK-US) កាលពីថ្ងៃពុធ ទី១៥ ខែកញ្ញាកន្លងទៅនេះ, មានសំណួរមួយត្រូវបានចោទសួរឡើង នោះគឺថាតើ «បក្សសម្ព័ន្ធ ឬសម្ព័ន្ធភាពចតុភាគី» ក្វាដ (Quad) ថ្មីមួយផ្សេងទៀតដឹកនាំ ដោយចិន ហើយមានអ៉ីរ៉ង់, ប៉ាគីស្ថាន និងរុស្ស៊ីជាសមាជិកអាចនឹងត្រូវបានបង្កើតឡើងដែរ ឬក៏យ៉ាងណា?

ការចោទសួរនូវសំណួរខាងលើ មិនមែនជារឿងចៃដន្យឡើយ តែវាកើតឡើងនៅចំពេលអ៉ីរ៉ង់បានស្នើសុំចូលជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការសៀហៃ (SCO) ខណៈ ប្រទេសចំនួន ៤ រួមមានចិន, រុស្ស៊ី, ប៉ាគីស្ថាន និងអ៉ឺរ៉ង់ បានយល់ព្រមរួមដៃគ្នាដោះស្រាយបញ្ហាអាហ្វហ្កានីស្ថាន ហើយការធ្វើសមយុទ្ធកងទ័ពជើងទឹករវាងរុស្ស៊ី ចិន និងអ៉ីរ៉ង់ កាលពីពេលថ្មីៗនេះ អាចយកមកធ្វើជាទឡ្ហីករណ៍នៃការវិវត្តភូមិសាស្ត្រដែលជំរុញឱ្យមានការចោទសួរពីលទ្ធភាពដែលចិនអាចនឹងបង្កើត «បក្សសម្ព័ន្ធមួយ» ដើម្បីទប់ទល់នឹង សហរដ្ឋអាមេរិក។

ចិនសព្វថ្ងៃ មានទំនាក់ទំនងយ៉ាងរ៉ឹងមាំជាមួយប៉ាគីស្ថាន និងស្អិតរមួតខ្លាំងជាមួយរុស្ស៊ី រួមទាំងអ៉ីរ៉ង់ បន្ទាប់ពីប្រទេសទាំង២នេះជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ បើធៀបទៅនឹងសហរដ្ឋអាមេរិក មានការពិតមួយដែលគេមិនអាចប្រកែកបាន នោះគឺចិនមានសម្ព័ន្ធមិត្តគួរឱ្យជឿទុកចិត្តតិចតួចបំផុត ហើយក្នុងនោះទៀតសោតមានតែកម្ពុជា ទេដែលត្រូវបានគេមើលឃើញថាមាននយោបាយការបរទេសគាំទ្រចិនបើកចំហរខ្លាំងជាងគេនៅលើឆាកអន្តរជាតិ។ យើងអាចនឹងចាប់ផ្ដើមនិយាយមុនគេពីទំនាក់ទំនងរវាង ចិន និងរុស្ស៊ី។

ចិន និងរុស្ស៊ីត្រូវបានក្រុមអ្នកវិភាគមើលឃើញថាអាចរត់រកគ្នាដូចសព្វថ្ងៃដោយសារតែពួកគេត្រូវប្រឈមមុខនឹងគូប្រជែងរួមគ្នា គឺសហរដ្ឋអាមេរិក និងលោកខាងលិចដែល កំពុងដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងម៉ូស្គូ។ ទណ្ឌកម្មនេះឯងដែលជំរុញឱ្យរុស្ស៊ីបោះដៃរកចិន។ មើលមួយភ្លែត ចិន និងរុស្ស៊ីមានទំនាក់ទំនងល្ហែមផ្អែមនឹងគ្នា តែនៅ ពីក្រោយភាពផ្អែមល្ហែមនេះ ប្រទេសទាំង២ នៅតែមើលគ្នាដោយការប្រុងប្រយ័ត្នដដែលពាក់ព័ន្ធនឹងបញ្ហាមួយចំនួន ជាពិសេស រុស្ស៊ីមិនសូវពេញចិត្ត និងបារម្ភពីការកើនឡើង នៃឥទ្ធិពលចិនតាមរយៈគម្រោងសេដ្ឋកិច្ចនានា នៅក្នុងតំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី, តំបន់អាក់ទិច និងតំបន់អាស៊ីកណ្ដាលដែលទីក្រុងមូស្គូចាត់ទុកថាជាដែនអំណាច របស់ខ្លួន។

ទាំងចិន និងរុស្ស៊ីមិនដែលបង្ហាញជំហរគាំទ្រគ្នាទៅវិញទៅមកដោយត្រង់ៗនោះទេលើបញ្ហាតំបន់គ្រីមៀ ឬក៏សមុទ្រចិនខាងត្បូង។ ចិនក៏មិនសូវជាសប្បាយចិត្តនឹងរុស្ស៊ី ប៉ុន្មានដែរ នៅពេលនិយាយដល់រឿងរុស្ស៊ីនៅតែបន្តលក់អាវុធឱ្យឥណ្ឌា ដែលកំពុងមានជម្លោះព្រំដែនជាមួយខ្លួន ហើយមានចេតនាលក់មីស៊ីល BrahMos ទៅឱ្យហ្វីលីពីន ដែលកំពុងមានជម្លោះដែនទឹកជាមួយចិន នៅឯតំបន់សមុទ្រចិនខាងត្បូង។ ចំណែក ឯរុស្ស៊ីក៏កំពុងព្រួយបារម្ភផងដែរចំពោះគម្រោងរបស់ក្រុមហ៊ុនចិនក្នុងការ​អភិវឌ្ឍព្រែកជីក អ៉ីស្ដង់ប៊ូលជាមួយតួកគី ដែលអាចនឹងជួយបង្កើនវត្តមាន NATO នៅក្នុងតំបន់សមុទ្រខ្មៅនៅពេលអនាគត។

និយាយពីទំនាក់ទំនងរវាងប៉ាគីស្ថាន និងចិនត្រូវបានគេហៅថាជាទំនាក់ទំនង «បងប្អូនដែកថែប» តែព្រមពេលជាមួយគ្នា អ្នកនយោបាយប៉ាគីស្ថាននៅតែមាន​ភាពស្ទាក់ស្ទើរព្រោះមិនចង់ពឹងផ្អែកលើចិនទាំងស្រុងពេក។ ដូច្នេះហើយ ទើបមួយរយៈពេលចុងក្រោយនេះប៉ាគីស្ថានហាក់ដូចជាមាន​ទំនោរចង់ស្ដារទំនាក់ទំនង​ឡើងវិញជាមួយឥណ្ឌា ដែលត្រូវបានក្រុមអ្នកជំនាញខ្លះពន្យល់ថាជាការព្យាយាមមួយរបស់ប៉ាគីស្ថាន ក្នុងការកសាងទំនាក់ទំនងឡើងវិញ​ជាមួយសហរដ្ឋអាមេរិកតាមរយៈឥណ្ឌា។ ដោយឡែក អ៉ីរ៉ង់ វិញកាន់តែអន់ចិត្តនឹងរុស្ស៊ី និងចិនទៅទៀត ដ្បិតថាប្រទេសទាំង២នេះមិនបានលក់អាវុធឱ្យអ៉ីរ៉ង់នោះទេ ទោះបីជាទណ្ឌកម្មលក់អាវុធឱ្យអ៉ីរ៉ង់របស់អង្គការសហប្រជាជាតិ អស់សុពលភាព កាលពីឆ្នាំ២០២០ក៏ដោយ ដោយសារតែប៉េកាំង និងម៉ូស្គូមិនចង់ប្រឈមមុខជាមួយសហរដ្ឋអាមេរិក។

មកពីបែបនេះឯង ទើបអ្នកខ្លះហៅចិនថា «ជាមហាយក្សឯកោ» ដោយមិនសូវមានសម្ព័ន្ធមិត្តដែលគួរឱ្យជឿទុកចិត្តបានដូចជាសហរដ្ឋអាមេរិក។ តែពិតមែនទៅ ការយល់ឃើញ បែបនេះក៏មិនត្រឹមត្រូវទាំងស្រុងនោះដែរ ដ្បិតការបង្កើតសម្ព័ន្ធភាព ឬបក្សសម្ព័ន្ធយោធាណាមួយ មិនមែនជានយោបាយអាទិភាពរបស់ចិនឡើយ។ ចាប់តាំងតែពីទសវត្សរ ឆ្នាំ១៩៨០មក គឺចិនខ្លួនឯងបានប្រកាន់យកជាផ្លូវការនូវគោលនយោបាយ «មិនចងបក្សសម្ព័ន្ធ» ហើយក្រុមបញ្ញវន្តផ្នែកទំនាក់ទំនងអន្តរជាតិរបស់ចិនភាគច្រើនយល់ថាការដើរ តាមនយោបាយបែបនេះវាជារឿងត្រឹមត្រូវ ព្រោះវាអាចឱ្យចិនអាចបត់បែនគ្រប់កាលៈទេសៈ, មានឯករាជ្យភាព និងម្ចាស់ការលើខ្លួនឯង។ មិនតែប៉ុណ្ណោះ ពួកគេតែងតែ ចោទសួរទៀតផងថាតើការបង្កើតសម្ព័ន្ធភាពជាមួយបណ្ដាប្រទេសដូចជា រុស្ស៊ី ឬអ៉ីរ៉ង់ នឹងធ្វើឱ្យចិនចំណេញ ឬខាតទាំងចុង ខាតទាំងដើម?

ជាឧទាហរណ៍ប្រសិនបើ ចិនបង្កើតសម្ព័ន្ធយោធាជាមួយអ៉ីរ៉ង់ នោះចិននឹងត្រូវប្រឈមមុខនឹងការជំទាស់ពីបណ្ដាប្រទេសអ៉ារ៉ាប់ភាគច្រើន ដែលមិនត្រូវគ្នាជាមួយអ៉ីរ៉ង់ ហើយ បើចិនបង្កើតសម្ព័ន្ធភាពជាមួយរុស្ស៊ីវិញ នោះនឹងធ្វើឱ្យខូចប្រយោជន៍របស់ចិនជាមួយអឺរ៉ុប ជាពិសេសសហភាពអឺរ៉ុប តែម្ដង។ លើសពីនេះទៅទៀត ចិនខ្លួនឯងតែងតែរិះគន់ អាមេរិកជារឿយៗថាបានគំរាមកំហែងដល់សន្តិភាពពិភពលោក តាមរយៈការបង្កើតសម្ព័ន្ធភាពដើម្បីប្រឆាំងនឹងផលប្រយោជន៍ប្រទេសដទៃ ឬអាចនិយាយម្យ៉ាងទៀតចិន ប្រហែលជានឹងយកគំរូតាមអាមេរិកទៅបង្កើតបក្សសម្ព័ន្ធណាមួយប្រឆាំងអាមេរិកវិញទេ។ និយាយបែបនេះ មិនមែនមានន័យថាចង់មិនចង់មានសម្ព័ន្ធមិត្តនោះដែរ តែ យុទ្ធសាស្ត្រដែលចិនប្រើ ខុសគ្នាពីអាមេរិក។

នៅក្នុងគំនិតថ្នាក់ដឹកនាំចិន ចាប់តាំងពីលោក តេង ស៊ាវពីងមក តែងតែឱ្យតម្លៃទៅលើការពង្រឹងសមត្ថភាពខ្លួនឯង ឬធ្វើឱ្យខ្លួនឯងខ្លាំង និងរឹងមាំជាមុនសិន។ ចិនសម្លឹងឃើញ ការពង្រីកឥទ្ធិពលតាមរយៈការផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ច រីឯអាមេរិកតែងតែឱ្យតម្លៃខ្ពស់លើទំនាក់ទំនងសន្តិសុខជាមុន។ ជាក់ស្ដែង នៅក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) បានទាក់ទាញប្រទេសជាច្រើនឱ្យចូលរួមជាមួយចិន មិនថាប្រទេសនោះជាសម្ព័ន្ធមិត្តអាមេរិក ឬក៏មិនមែននោះទេ។ ដូច្នេះទើបនៅពេលនិយាយដល់ប្រយោជន៍ សេដ្ឋកិច្ចជាមួយចិន វាតែងតែធ្វើឱ្យប្រទេសទាំងនោះនៅតែស្ទាក់ស្ទើរក្នុងការចូលរួម​ជាមួយសហរដ្ឋអាមេរិកឱ្យពេញទំហឹង​ដើម្បីប្រឆាំងចិន ហើយពេលខ្លះវាក៏ធ្វើឱ្យសម្ព័ន្ធភាព អាមេរិកចុះខ្សោយ ឬមានការខ្វែងគំនិតគ្នា ឬក៏បែកបាក់គ្នាក៏មាន។

ក្នុងស.វទី២១នេះ ការប្រជែងរវាងពួកមហាអំណាចដូចជាចិន និងអាមេរិក មិនមែនជាការប្រជែងឥទ្ធិពលខាងមនោគមន៍វិជ្ជាដូចកាលសម័យអាមេរិក និងសូវៀតទៀត​នោះទេ តែវាជាការប្រជែងគ្នាខាងសេដ្ឋកិច្ច។ គេមិនអាចនិយាយបានថាតើយុទ្ធសាស្ត្ររបស់អាមេរិក ឬចិនដែលមានប្រសិទ្ធភាពជាងខាងណាឡើយ តែអ្វីដែលគេអាចមើលឃើញ នោះគឺការលេចត្រដែតឡើងនៃឥទ្ធិពលនៅលើឆាកអន្តរជាតិ ខណៈឥទ្ធិពលអាមេរិកថយចុះជារឿងមិនអាចប្រកែកបាន ហើយសូម្បីតែរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏បានទទួលស្គាល់រឿងនេះដែរ។ នៅក្រោមរដ្ឋបាលលោក បៃដិន ចិនគឺជាគូប្រជែងភូមិសាស្ត្រ​នយោបាយដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ក្នុងស.វទី២១នេះដែល អាចប្រមូលធនធានគ្រប់យ៉ាងទាំងសេដ្ឋកិច្ច យោធា រហូតដល់បច្ចេកវិទ្យាដើម្បីប្រឆាំងអាមេរិក៕

ប្រភព៖ Lowy Institute (ថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១)